បុណ្យអុំទូកកុំភ្លេចទៅលេងសៀមរាប! កម្មវិធីជិះទូកកម្សាន្ត, ប្រណាំងទូក“ង”, ប្រគំតន្ត្រីស្គរដៃ, ប្រដាល់គុនខ្មែរ និងល្ខោនបាសាក់
S
Soriya Sou
•
2 ម៉ោងមុន

ក្រុងសៀមរាប៖ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៦ រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំកម្មវិធីប្រណាំទូក និងកម្មវិធីកម្សាន្តសប្បាយផ្សេងៗមួយចំនួនទៀត ដើម្បីចូលរួមជំរុញវិស័យទេសចរណ៍ ទាក់ទាញភ្ញៀវទេសចរឱ្យមកលេងកម្សាន្តកាន់តែច្រើន...។

បើតាមរដ្ឋបាលខេត្តសៀមរាប ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប​ នឹងមានរៀបចំកម្មវិធីជិះទូកកម្សាន្ត, កម្មវិធីប្រណាំងទូក“ង”, ទូកនាគ និងទូកផ្កាចារ, កម្មវិធីប្រគំតន្ត្រីស្គរដៃ, កម្មវិធីស្តង់ពិព័រណ៍, កម្មវិធីប្រដាល់គុនខ្មែរ, ល្ខោនបាសាក់, និងកម្មវិធីកម្សាន្តផ្សេងៗជាច្រើនទៀត។ ការរៀបចំព្រឹត្តិការណ៍កម្សាន្តក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក នាពេលខាងមុខ ធ្វើឡើងដើម្បីជំរុញដល់វិស័យទេសចរណ៍ក្នុងខេត្ត ឱ្យកាន់តែមានភាពរីកចម្រើន ក៏ដូចជាចូលរួមក្នុងការស្តារ និងលើកស្ទួយសេដ្ឋកិច្ចខេត្តតាមរយៈការគាំទ្រផលិតផលខ្មែរ ដែលធ្វើឡើងដោយស្នាដៃកូនខ្មែរ។

ក្រៅពីទាក់ទាញភ្ញៀវទេសចរ លោក ស៊ុន ចំណាន នាយករងរដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ការរៀបចំពិធីប្រណាំងទូក«ង» ក្នុងគោលបំណងលើកស្ទួយវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ប្រពៃណីខ្មែរ ដែលដូនតាគ្រប់សម័យកាលខំថែរក្សា និងអនុវត្តយ៉ាងខ្ជាប់ខ្ជួន ព្រមទាំងជាការរំឭកដល់ជ័យជម្នះរបស់កងទ័ពជើងទឹក កាលពីសម័យអង្គរ។ ក្នុងន័យនេះ សូមបងប្អូនសាធារណជន ភ្ញៀវជាតិ-អន្តរជាតិ អញ្ជើញចូលរួមទស្សនាកម្សាន្តសប្បាយឱ្យបានច្រើនកុះករ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត