
រាជធានីបាងកក៖ កងទ័ពជើងអាកាសថៃ គ្រោងស្នើសុំថវិកាប្រមាណ១,៧ពាន់លានដុល្លារពីរាជរដ្ឋាភិបាលខ្លួន ដើម្បីទិញយន្តហោះចម្បាំង Gripen ចំនួន៨គ្រឿងបន្ថែមរបស់ក្រុមហ៊ុនប្រទេសស៊ុយអែត។ នេះបើតាមការចុះផ្សាយរបស់កាសែតថៃ ខាវសត នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦។ គម្រោងរៀបចំថវិកានេះ នឹងចាប់ផ្តើមនៅឆ្នាំ២០២៧។

កងទ័ពថៃ ធ្លាប់ទម្លាយផែនការនេះម្តងជាពីររួចមកហើយនាពេលកន្លងមក។ ដើមឡើយ កងទ័ពថៃ ចង់ទិញយន្តហោះចម្បាំង Gripen ទាំង៨គ្រឿង ជាពីរដំណាក់កាល។ ប៉ុន្តែលោក សេកសាន ខាន់ថា (Seksan Khantha) មេបញ្ជាការកងទ័ពជើងអាកាសថៃ បានប្រកាសពីផែនការថ្មីថា នឹងទិញតែមួយដំណាក់កាល ទាំង៨គ្រឿងឱ្យរួចស្រេចបាច់តែម្តង។ ថៃ ចាត់ទុកគម្រោងទិញយន្តហោះចម្បាំងបន្ថែមនេះ ថាជាផ្នែកមួយនៃផែនការធ្វើទំនើបកម្មកងទ័ពជើងអាកាសខ្លួន។

គេហទំហ័រមួយចំនួន ផ្សាយថា បច្ចុប្បន្ន កងទ័ពថៃ មានយន្តហោះចម្បាំង Gripen ១១គ្រឿងស្រាប់ទៅហើយ រួមទាំងយន្តហោះចម្បាំង F-16 ជិត៥០គ្រឿងទៀត។ ស៊ុយអែត មិនមែនជាប្រទេសថ្មីសម្រាប់ថៃនោះទេ ក្នុងការបញ្ជាទិញយន្តហោះចម្បាំង។ កាលពីឆ្នាំ២០២៥ ថៃបានចុះកិច្ចព្រមព្រៀងទិញយន្តហោះ Gripen ចំនួន៤គ្រឿងពីក្រុមហ៊ុន Saab របស់ស៊ុយអែតរួចមកហើយ ហើយគ្រោងប្រគល់ឱ្យក្នុងដំណាក់កាលដំបូងនៅឆ្នាំ២០២៩៕






