
រដ្ឋធានីហាណូយ៖ មានករណីផ្ទុះដ៏រន្ធត់នៅហាងស៊ុបមួយកន្លែង ក្នុងរដ្ឋធានីហាណូយប្រទេសវៀតណាម កាលពីព្រឹក ថ្ងៃអង្គារទី២៤ ខែវិច្ឆិកា បានបណ្ដាលឱ្យមនុស្ស៦នាក់ស្លាប់ ១៤នាក់ផ្សេងទៀតរងរបួស និងបំផ្លាញផ្ទះនៅក្បែរនោះផងដែរ។ ប៉ូលិស និងមន្រ្តីជំនាញ កំពុងបន្តការស៊ើបអង្កេត ប៉ុន្តែលទ្ធផលបឋម បង្ហាញថា ជាការផ្ទុះហ្កាស់។

សារព័ត៌មាន VnExpress បានរាយការណ៍ថា ការផ្ទុះដ៏ខ្លាំងក្លានេះ បានធ្វើឱ្យបែកកញ្ចក់បង្អួច ប្រេះជញ្ជាំង និងទ្វារ ខណៈដំបូលស័ង្កសីត្រូវធ្លុះធ្លាយ ហើយជញ្ជាំងត្រូវដួលរលំ។ បើតាមរបាយការណ៍ ការផ្ទុះនេះ បានធ្វើឱ្យខូចខាតផ្ទះនៅជិតនោះ និងធ្វើឱ្យអគារផ្សេងទៀតញ័ររញ្ជួយ ដោយមានកម្ទេចកម្ទីខ្ចាត់ខ្ចាយពាសពេញដងផ្លូវ។ ប៉ូលិសកំពុងប្រើប្រាស់ឧបករណ៍រាវរក ដើម្បីស្វែងរកអ្នករស់រានមានជីវិត និងប្រើគ្រឿងចក្រធុនធ្ងន់ ដើម្បីលើកបន្ទះបេតុង។

មានក្ដីបារម្ភជាខ្លាំងថា អាចមានមនុស្សជាច្រើននាក់ទៀត ជាប់នៅក្រោមគំនរអគារបាក់បែក ដោយសារហាងនោះ មានមនុស្សច្រើនកុះករនៅពេលការផ្ទុះកើតឡើង។អាជ្ញាធរវៀតណាម បានជម្លៀសប្រជាពលរដ្ឋចេញពីអគារនៅជិតនោះ បន្ទាប់ពីវាយតម្លៃទៅឃើញថា គ្មានសុវត្ថិភាពទៀតឡើយ។ មនុស្សរងរបួសទាំង១៤នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕







