
រដ្ឋធានីសេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃពុធទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ថា ក្រសួងការបរទេសកូរ៉េខាងជើង ប្រកាសឱ្យប្រធានការិយាល័យការទូតស្វីសចាកចេញពីប្រទេសក្នុងរយៈពេល៤៨ម៉ោង។ ចំណាត់ការដ៏ក្តៅនេះ កើតឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋធានីព្យុងយ៉ាង បានគំរាមបិទការិយាល័យការទូតដែលទើបបើកថ្មីនេះ ដើម្បីឆ្លើយតបនឹងទណ្ឌកម្មរបស់ស្វីស។

ស្វីសជាប្រទេសលោកខាងលិចមួយក្នុងចំណោមបណ្តាប្រទេសតិចតួចបំផុត ដែលនៅរក្សាទំនាក់ទំនជាមួយកូរ៉េខាងជើង ហើយការបណ្តេញចេញនេះ កើតឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសស្វីស ទើបធ្វើដំណើរទស្សនកិច្ចនៅកូរ៉េខាងជើង ដើម្បីពិភាក្សាពីការស្តារទំនាក់ទំនងឱ្យមានប្រក្រតីភាពឡើងវិញ។ ការិយាល័យការទូតស្វីស ស្ថិតក្រោមស្ថានទូតស្វីសប្រចាំរដ្ឋធានីប៉េកាំង ប្រទេសចិន ដែលជាអ្នកគ្រប់គ្រងកិច្ចការទូត និងកុងស៊ុលខ្លួនជាមួយកូរ៉េខាងជើង។

យោងតាមទីភ្នាក់ងារសារព័ត៌មាន KCNA ក្រសួងការបរទេសកូរ៉េខាងជើង បានកំណត់ឱ្យ លោក ស៊ីលវ៉ាំង អាស្ទៀរ (Sylvain Astier) ប្រធានការិយាល័យការទូតស្វីស ចាកចេញក្នុងរយៈពេល៤៨ម៉ោង។ KCNA បញ្ជាក់ថា ការបណ្តេញចេញនេះ ពាក់ព័ន្ធនឹងទង្វើដែលព្យុងយ៉ាងចាត់ទុកថាជា «ការអរិភាពដោយបើកចំហ» របស់អាជ្ញាធរស្វីស ដែលបានដាក់បញ្ចូលជំរំកុមារអន្តរជាតិសុងដូវ៉ុន (Songdowon International Children's Camp) ក្នុងបញ្ជីគោលដៅទណ្ឌកម្ម។ ជាមួយគ្នា លោកស្រី គីម យ៉ូជុង (kim yo jong) ប្អូនស្រីដ៏មានឥទ្ធិពលរបស់លោក គីម ជុងអ៊ុន មេដឹកនាំកំពូលកូរ៉េខាងជើង ក៏បានគំរាមបិទការិយាល័យការទូតស្វីសដែរ ហើយថ្កោលទោសការដាក់ទណ្ឌកម្មទៅលើជំរំនេះ ដែលមានទាំងកុមារជនជាតិចិន និងកុមារជនជាតិរុស្ស៊ីផងដែរ៕




