វៀតណាម កាត់បន្ថយថ្លៃអគ្គិសនី និងលុបចោលពន្ធសាំង ដើម្បីសម្រាលបន្ទុកពលរដ្ឋ និងអាជីវកម្ម
N
Nary Vann
•
5 ម៉ោងមុន

រដ្ឋធានីហាណូយ៖ រដ្ឋបាលក្រុងហាណូយ បានប្រកាសជាផ្លូវការថា ប្រទេសវៀតណាម នឹងធ្វើការកាត់បន្ថយតម្លៃលក់រាយអគ្គិសនីជាមធ្យម២ភាគរយ ព្រមទាំងលុបចោលពន្ធនៃការប្រកបអាជីវកម្មពិសេសលើប្រេងសាំង ដោយចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះតទៅ ដើម្បីទ្រទ្រង់ស្ថិរភាពសេដ្ឋកិច្ចម៉ាក្រូ និងកាត់បន្ថយចំណាយជូនប្រជាពលរដ្ឋ និងផ្នែកអាជីវកម្មនានា...។

នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការ រដ្ឋាភិបាលវៀតណាម បញ្ជាក់ថា តម្លៃលក់រាយអគ្គិសនីជាមធ្យម នឹងត្រូវទម្លាក់មកត្រឹម២១៥៩,៩ដុង (ឬប្រមាណ០,០៨៥ដុល្លារ) ក្នុងមួយគីឡូវ៉ាត់ម៉ោង។ ជាមួយគ្នា ពន្ធលើការប្រកបអាជីវកម្មពិសេសលើប្រេងសាំង ដែលធ្លាប់តែមានកម្រិតពី៧ភាគរយ ទៅ១០ភាគរយ នឹងត្រូវកាត់បន្ថយមកត្រឹម០ភាគរយចាប់ផ្តើមពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ រហូតដល់ដាច់ខែមីនា ឆ្នាំ២០២៧។

អាជ្ញាធរវៀតណាមគូសបញ្ជាក់ថា ការសម្រេចចិត្តនេះ ធ្វើឡើងក្នុងគោលបំណងរក្សាស្ថិរភាពសេដ្ឋកិច្ចម៉ាក្រូ លើកស្ទួយសុខុមាលភាពសង្គម និងគាំទ្រសកម្មភាពពាណិជ្ជកម្ម។ គួរបញ្ជាក់ថា ប្រទេសវៀតណាម បានដាក់ចេញនូវគោលដៅសម្រេចឱ្យបាននូវកំណើនសេដ្ឋកិច្ចលើសពី១០ភាគរយ សម្រាប់ឆ្នាំ២០២៦ ដែលតម្រូវឱ្យកំណើនសេដ្ឋកិច្ចនៅក្នុងត្រីមាសទី៤ ចាំបាច់ត្រូវតែហក់ឡើងខ្ពស់ជាង១២,៥ភាគរយ ទើបអាចសម្រេចបានតាមផែនការដែលបានកំណត់ទុក៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត