វៀតណាម ត្រៀមបញ្ចេញសព្វា​វុធផលិតក្នុងស្រុក ក្នុងពិពរណ៌អន្តរជាតិនៃវិស័យការពារជាតិ
N
Nary Vann
•
2 ថ្ងៃមុន

រដ្ឋធានីហាណូយ៖ ក្រសួងការពារជាតិវៀតណាម បានប្រកាសជាផ្លូវការ នូវការរៀបចំពិពរណ៌ការពារជាតិអន្តរជាតិ លើកទី៣ (Vietnam International Defence Expo 2026) ដោយរាប់បញ្ចូលទាំងការដាក់បង្ហាញរថក្រោះ T-1 និង រថពាសដែក XTC-03 ដែលប្រទេសវៀតណាមស្រាវជ្រាវ និងផលិតដោយផ្ទាល់ដៃជាលើកដំបូង នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ទី១៣ ខែធ្នូ ឆ្នាំ២០២៦ ខាងមុខ នៅអាកាសយានដ្ឋាន Gia Lam ក្នុងរដ្ឋធានីហាណូយ...។

ពិពរណ៌យោធាឆ្នាំនេះ នឹងធ្វើឡើងលើផ្ទៃដីដ៏ធំសម្បើមប្រមាណ១២៣៨០០ម៉ែត្រការ៉េ ក្រោមប្រធានបទ«សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍ»។ រហូតមកដល់ពេលនេះ មានប្រតិភូផ្លូវការចំនួន៤៤ក្រុមមកពី៣០ប្រទេស ព្រមទាំងក្រុមហ៊ុន និងអង្គភាពចំនួន១៨៩ មកពី៣៦ប្រទេស រួមមាន (អាម៉េរិក រុស្ស៊ី ចិន អង់គ្លេស បារាំង ជប៉ុន និងតួគីយ៉េ) បានចុះឈ្មោះចូលរួមដាក់ស្តង់បង្ហាញអាវុធ និងបច្ចេកវិទ្យាសឹក។ អគ្គលេខាធិការ និងជាប្រធានាធិបតីវៀតណាម លោក តូ ឡឹម (To Lam) ត្រូវបានរំពឹងថា នឹងអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថា បើកព្រឹត្តិការណ៍នេះ ដែលនឹងមានការសម្ដែងរួមគ្នា រវាងកងកម្លាំងពិសេស និងការហោះហើរបង្ហាញពីកងទ័ពជើងអាកាសវៀតណាមថែមទៀតផង។

មន្ត្រីវៀតណាម បញ្ជាក់ថា ព្រឹត្តិការណ៍នេះ មានគោលបំណងបង្ហាញពីការរីកចម្រើននៃឧស្សាហកម្មយោធាបែបទំនើបរបស់វៀតណាម និងពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយបរទេស។ នៅក្នុងពិពណ៌កាលពីឆ្នាំ២០២៤ កងទ័ពវៀតណាម បានចុះកិច្ចសន្យាពាណិជ្ជកម្មយោធាចំនួន១៦ ដែលមានតម្លៃប្រមាណ២៨៦,៣លានដុល្លារអាម៉េរិក សម្រាប់ឆ្នាំ២០២៦។ អាជ្ញាធររំពឹងថា នឹងចុះកិច្ចសន្យា និងអនុស្សរណៈយោគយល់គ្នា កើនឡើងលើសពីមុន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត