
រដ្ឋធានីហាណូយ៖ រដ្ឋបាលទីក្រុងព្រៃនគរ ឬហូជីមិញ បានប្រកាសជាផ្លូវការថា នឹងធ្វើការផ្លាស់ប្ដូររថយន្ត និងទោចក្រយានយន្តរដ្ឋទាំងអស់ ដែលប្រើប្រាស់ដោយមន្ត្រីរាជការ និងបុគ្គលិកសាធារណៈទៅជា«យានយន្តថាមពលស្អាត»ឱ្យបានមុនថ្ងៃទី១ ខែមករា ឆ្នាំ២០៣០ លើកលែងយានយន្តឯកទេស ដើម្បីដើរតួជាគំរូនាំមុខក្នុងការកាត់បន្ថយការបំពុលបរិស្ថាន និងឧស្ម័នផ្ទះកញ្ចក់...។

រដ្ឋបាលក្រុងព្រៃនគរ បានបញ្ជាក់ថា បច្ចុប្បន្ន ទីក្រុងសេដ្ឋកិច្ចដ៏ធំរបស់ប្រទេសវៀតណាមមួយនេះ មានយានយន្តប្រមាណ១២,៨២លានគ្រឿង ដែលក្នុងនោះ ៩០ភាគរយជាទោចក្រយានយន្ត(ម៉ូតូ) ហើយការបញ្ចេញផ្សែងពុលពីយានយន្តទាំងនេះកំពុងបង្កើតជាបញ្ហាចោទយ៉ាងធ្ងន់ធ្ងរដល់គុណភាពខ្យល់។ ការផ្លាស់ប្ដូរមកប្រើថាមពលស្អាត មិនត្រឹមតែកាត់បន្ថយធូលីអ័ព្ទ និងសំឡេងរំខានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសន្សំសំចៃ ថ្លៃថាមពល និងការថែទាំផងដែរ។

ចំណាត់ការនេះ គឺជាផ្នែកមួយនៃផែនការយុទ្ធសាស្ត្រ ដើម្បីឈានទៅសម្រេចគោលដៅកាបូនសូន្យ (Net-Zero emissions) មុនឆ្នាំ២០៤៥ ដោយអនុវត្តតាមគោលការណ៍ «ឥឥរៀបចំហេដ្ឋារចនាសម្ព័ន្ធមុន ដាក់ចេញគោលនយោបាយជាក្រោយ និងគិតគូរពីសុខុមាលភាពសង្គមទន្ទឹមគ្នា»។ ដើម្បីធានាថាដំណើរការផ្លាស់ប្ដូរនេះប្រព្រឹត្តទៅដោយរលូន អាជ្ញាធរក្រុងព្រៃនគរ កំពុងរៀបចំប្រព័ន្ធសាកថាមពល ទីតាំងចំណត និងកញ្ចប់លើកទឹកចិត្តផ្នែកហិរញ្ញវត្ថុ៕



