
ក្រុងព្រះវិហារ៖ អាជ្ញាធរស្រុកត្បែងមានជ័យ ចេញមកអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្រោយប្រទះឃើញដំរីព្រៃ៦ក្បាល នៅតំបន់កោះត្មាយ ស្ថិតក្នុងភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

ក្រុមការងារ និងមន្រ្តីនៃរដ្ឋបាលស្រុកត្បែងមានជ័យ កាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ បានតាមដាន និងឃ្លាំមើលឃើញហ្វូងសត្វដំរីព្រៃទាំង៦ក្បាល នៅចំណុចវាលស្រែក្នុងតំបន់កោះត្មាយ បន្ទាប់ពីទទួលបានការរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋ។ តាមព័ត៌មានកន្លងមក ដំរីព្រៃ៦ក្បាលខាងលើ បានចល័តទៅមកនៅក្នុងស្រុកត្បែងមានជ័យ ស្រុកជាំក្សាន្ត និងស្រុកគូលែន ជាដើម។

ទន្ទឹមនឹងការបន្តឃ្លាំមើល អាជ្ញាធរស្រុកបានអំពាវនាវជាថ្មីម្ដងទៀតដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅ ឬធ្វើដំណើរឆ្លងកាត់ និងប្រកបរបរកសិកម្មនៅក្បែរតំបន់ខាងលើ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ជៀសវាងចូលទៅជិត ឬបង្កការរំខានដល់ហ្វូងសត្វដំរីព្រៃទាំងនោះ ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ជាយថាហេតុ។ ក្នុងករណីប្រទះឃើញហ្វូងដំរីព្រៃបម្លាស់ទីមកជិតភូមិឋាន ឬផលដំណាំ សូមប្រញាប់រាយការណ៍ជាបន្ទាន់មកកាន់អាជ្ញាធរមូលដ្ឋាន ឬក្រុមការងារជំនាញ ដើម្បីចាត់វិធានការទប់ស្កាត់ និងការពារសុវត្ថិភាពបានទាន់ពេលវេលា៕





