
រាជធានីភ្នំពេញ៖ ក្រសួងទេសចរណ៍បានរៀបចំយុទ្ធនាមួយ ដែលឱ្យឈ្មោះថា «ដំរីមួយ ជួយថវិកាពីរពាន់រៀល» សម្រាប់ទិញចេកមួយស្និត ឬអំពៅមួយដើម ដែលជាយុទ្ធនាការសំដៅកៀងគរ ការបរិច្ចាគថវិកាពីសប្បុរសជនទាំងក្នុងនិងក្រៅប្រទេស ដើម្បីទ្រទ្រង់ដល់ សមាគមអភិរក្ស ដំរី អៃរាវត្តា ដែលកំពុងខ្វះខាតថវិកាសម្រាប់ទិញចំណី និងព្យាបាលដល់សត្វដំរី។

បើតាមក្រសួងទេសចរណ៍ ការចូលរួមឧបត្ថម្ភពីសប្បុរសជនទាំងអស់គ្នា គឺជាការចូលរួមចំណែកដល់ការពារអភិរក្សសត្វដំរី និងការបង្កាត់ពូជដំរីបន្ថែមទៀត ដើម្បីបង្កើនបរិមាណសត្វដ៏កម្រមួយនេះរនៅកម្ពុជា ជាពិសេសគឺជាការចូលរួមចំណែកយ៉ាងសំខាន់សម្រាប់ការងារគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះប្រកបដោយនិរន្តរភាព។ ក្រសួង និងសមាគមអភិរក្ស ដំរី អៃរាវត្តា បានអំពាវនាវដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួងទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ទីភ្នាក់ងារទេសចរណ៍ សាធារណជន និងសប្បុរសជនទាំងអស់ មេត្តាចូលរួមបរិច្ចាគមូលនិធិ ដើម្បីឧបត្ថម្ភដល់សមាគមខាងលើ។
សូមជម្រាបថា មូលនិធិសមាគមអភិរក្សដំរី អៃរាវត្តា បានបង្កើតឡើងជាង៨ឆ្នាំហើយ ក្នុងគោលបំណងអភិរក្សសត្វដំរីដែលនៅសេសសល់ក្នុងខេត្តភាគឦសាន ជាពិសេសបានផ្ដល់ឱកាសឱ្យភ្ញៀវទេសចរទទួល បានភាពស្និទ្ធស្នាលជាមួយសត្វដំរីខណៈសត្វប្រភេទនេះត្រូវបានគេដឹងថាកំពុង តែប្រឈមការបាត់បង់ នៅកម្ពុជាស្របពេលដែលចំនួនដំរីទូទាំងពិភពលោកក៏កាន់តែធ្លាក់ចុះព្រោះតែការប្រមាញ់សម្លាប់ និង កាប់បំផ្លាញព្រៃឈើ៕





