
ខេត្តមណ្ឌលគិរី៖ ដំរីទេសចរណ៍ឈ្មោះ សំបូរ គ្រប់គ្នាស្គាល់ជាទូទៅថា«ដំរីវត្តភ្នំ» ដែលបានរស់រួចផុតពីរបបខ្មែរក្រហម មានអាយុកាល៦៣ឆ្នាំមកហើយនោះ កាលពីយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ បានស្លាប់នៅខេត្តមណ្ឌលគិរី ដែលជាកន្លែងចូលនិវត្តន៍ចុងក្រោយរបស់វា...។

ផ្អែកតាមការបញ្ជាក់របស់មន្ទីរព័ត៌មានខេត្តមណ្ឌលគិរីបានឱ្យដឹងនាព្រឹកនេះថា ការស្លាប់របស់ សំបូរ គឺដោយសារវាបានឆ្លងជំងឺធ្មេញបណ្តាលឱ្យសុខភាពចុះទ្រុឌទ្រោមខ្លាំង រយៈពេលមួយខែចុងក្រោយនេះ។ វាពិតជាដំណឹងដ៏ក្រៀមក្រំ សម្រាប់ប្រជាជនកម្ពុជា និងភ្ញៀវទេសចរបរទេសជាច្រើនដែលមានអនុស្សាវរីយ៍ជាមួយដំរីនេះ ព្រោះវាបម្រើវិស័យទេសចរណ៍ក្នុងស្រុកជាយូរឆ្នាំរហូតដល់វ័យចូលនិវត្តន៍ក្នុងឆ្នាំ២០១៤ ហើយវាក៏ជាដំរីដ៏ចំណាស់បំផុតមួយនៃប្រទេសកម្ពុជាបច្ចុប្បន្ន។ សូមបញ្ជាក់ថា ប្រទេសកម្ពុជាមានដំរីព្រៃប្រមាណពី៤០០ទៅ៥០០ក្បាល និងដំរីស្រុកចំនួន៧៨ក្បាល នេះបើយោងតាមរបាយការណ៍របស់អង្គការការពារសត្វដំរី និងរបាយការណ៍របស់នាយកដ្ឋានសត្វព្រៃ និងជីវចម្រុះកម្ពុជា។

គួរបញ្ជាក់ផងដែរថា ដំរីទេសចរណ៍ឈ្មោះ សំបូរ ត្រូវបានដាក់ឱ្យចូលនិវត្តន៍នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៤ បន្ទាប់ពីដំរីមេមួយក្បាលនេះ បានបម្រើសេវាកម្មទេសចរណ៍អស់រយៈពេលជាង៣០ឆ្នាំមកនោះ។ សំបូរ ត្រូវបានគេយកទៅថែរក្សាទុកក្នុងតំបន់ព្រៃការពារក្នុងស្រុកកែវសីមា ក្នុងជ្រលងភ្នំមួយនៃខេត្តមណ្ឌលគិរី។ នៅទីនោះវានឹងត្រូវស្ថិតក្រោមការថែទាំរបស់អង្គការការពារសត្វដំរី និងរដ្ឋបាលព្រៃឈើផងដែរ មុនពេលនាំយកមេសំបូរទៅចូលនិវត្តន៍នៅឯព្រៃធម្មជាតិ គេបានធ្វើពិធីសូត្រមន្តមួយនៅផ្ទះរបស់ហ្មដំរីឈ្មោះ ស៊ិន ស៊ន ក្នុងសង្កាត់ភ្នំពេញថ្មី ដើម្បីបួងសួង និងប្រោះព្រំសុំសេចក្តីសុខសម្រាប់ជីវិតចូលនិវត្តន៍របស់មេសំបូរដែលមានវ័យ៥៤ឆ្នាំ នាពេលនោះ។

បើតាមការឱ្យដឹងពីលោក ស៊ិន ស៊ន នាគ្រានោះ និយាយថា មេដំរីមួយក្បាលនេះ ឪពុកលោកបានចាប់ពីព្រៃមកតាំងពីវានៅមានអាយុ៨ឆ្នាំមកម្ល៉េះ។ «ឪពុកខ្ញុំទាក់វាបាននៅភ្នំឪរ៉ាល់ ខេត្តកំពង់ស្ពឺ តាំងពីខ្ញុំនៅកុមារភាព។ វាហ្នឹងខ្ញុំ គឺដូចជាបងប្អូនចឹង»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ស៊ិន ស៊ន។ ជាមួយគ្នានោះ លោក សន ខលឡាហេម (Sean Callaham) នាយករងបេសកកម្មរបស់ USAID ប្រចាំកម្ពុជា បានមានប្រសាសន៍ក្រោយពីពិធីសូត្រមន្តសម្រាប់ជូនដំណើរដំរីសំបូរ នៃការវិលទៅរស់នៅក្នុងតំបន់ព្រៃវិញ គឺជាផ្នែកមួយដើម្បីចូលរួមចំណែកថែរក្សាសត្វព្រៃរបស់កម្ពុជា។ លោកបញ្ជាក់យ៉ាងដូច្នេះថា «សំបូរកាន់តែចាស់ហើយ! ខ្ញុំគិតថា[..]ដល់ពេលវេលាដែលវាត្រូវចូលនិវត្តន៍ទៅរស់នៅតាមបែបធម្មជាតិវិញហើយ។ នេះគឺជាការបង្ហាញនូវការគាំទ្រដល់ប្រជាពលរដ្ឋកម្ពុជា និងការអភិរក្សធនធានធម្មជាតិរបស់កម្ពុជា និងតម្រូវការការពារជីវចម្រុះ និងព្រៃឈើ។ យើងសង្ឃឹមថា នេះគឺជាដំណាក់កាលមួយក្នុងចំណោមដំណាក់កាលជាច្រើនទៀត ដែលកម្ពុជានឹងត្រូវប្រកាន់យក ដើម្បីយកមកវិញនូវសត្វព្រៃ អភិរក្សព្រៃឈើនិងជីវចម្រុះ»...៕



