កូនដំរី «លំផាត់» ជាប់អន្ទាក់មានរ.បួ.ស ​​ត្រូវបានយកមកថែទាំនៅ​មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ
S
Sreyleak Yith
11 ធ្នូ 2024 07:30 AM

ខេត្តតាកែវ៖​ កូនដំរីមួយក្បាលដែលមានឈ្មោះ «លំផាត់»​បានជាប់អន្ទាក់ព្រានព្រៃបណ្តាលឱ្យមានរបួសជើង ត្រូវបានមន្រ្តីបរិស្ថាននៃស្នាក់ការកណ្តាលដែនជម្រកសត្វព្រៃលំផាត​​​ សហការជាមួយរដ្ឋបាលព្រៃឈើ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃនាំយកមកសង្គ្រោះព្យាបាល និងថែរក្សានៅឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ» កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤…។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​​ គូសបញ្ជាក់ថា «លំផាត់» ជាកូនដំរីញីមានអាយុប្រហែល៥ខែ និងមានទម្ងន់១៣៨គីឡូក្រាម មានរបួសជើងមុខខាងស្តាំដោយសារជាប់អន្ទាក់ ត្រូវបានប្រទះឃើញដោយក្រុមអភិរក្សដែនជម្រកសត្វព្រៃលំផាត់នៅក្បែរទីស្នាក់ការកណ្តាលដែនជម្រកសត្វព្រៃលំផាត់ ខណៈនោះមានឆ្កែមួយក្រុមកំពុងដេញប្រមាញ់វា។ ក្រុមការងារក៏បានចាប់ឃាត់កូនដំរីនេះថែរក្សា និងបានទំនាក់ទំនងសុំអន្តរាគមន៍អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) ដើម្បីជួយព្យាបាលផងដែរ។ ដោយសារកូនដំរីនេះមានរបួសត្រូវការពេលវេលាព្យាបាលយូរ និងមិនទាន់ចេះស៊ីចំណីបានត្រឹមត្រូវផង គ្រូពេទ្យនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃបានសហការជាមួយរដ្ឋបាលព្រៃឈើស្នើសុំគោលការណ៍លោករដ្ឋមន្ត្រីក្រសួងកសិកម្ម ដើម្បីនាំយកកូនដំរីនេះមកសង្គ្រោះព្យាបាល និងថែរក្សានៅឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ»។​​

ក្រសួងកសិកម្ម បន្តថា​​«លំផាត់» គឺជាកូនដំរីទី២​​ ហើយដែលមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅទទួលមកព្យាបាល និងថែរក្សា។ សូមជម្រាបថា កាលពីដើមខែវិច្ឆិកាឆ្នាំ២០២៤ កន្លងមកមានកូនដំរីញីមួយក្បាល ឈ្មោះ «ចាណាម» វង្វេងហ្វូងមេបាជាងមួយសប្តាហ៍នៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ខណៈនោះត្រូវបានជួយសង្គ្រោះដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ព្រមទាំងអង្គការជាដៃគូ។​​ មកដល់ពេលនេះ «ចាណាម» វាមានសុខភាពល្អបន្ទាប់ពីបានទទួលការថែទាំយ៉ាងយកចិត្តទុកដាក់ពីមន្ត្រីជំនាញប្រចាំមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ។

គួរឱ្យដឹងថា​​ ដំរីជាសត្វចតុប្បាទចិញ្ចឹមកូនដោយទឹកដោះ គឺជាថនិកសត្វដ៏មានមាឌធំលើសអស់សត្វមានជីវិតរស់នៅក្នុងព្រៃធម្មជាតិនៅលើភពផែនដីនេះ។ វាមានកម្លាំងខ្លាំងក្លាមហាសាលលើសអស់សព្វសត្វ​​ សម្រែកឮខ្លាំងខ្ទរខ្ទារ អាយុវែងដល់ជាង១០០ឆ្នាំ មានចរិតស្លូតបូតមិនបៀតបៀនសត្វដទៃចេះសន្ដោសប្រណីគ្នា និងចេះជួយយកអាសារសត្វតូចជាងខ្លួនមានការចងចាំបានល្អ និងយូរជាពិសេសនោះ គឺមានវិញ្ញាណពិសេសរហូតអាចយល់ដឹងបានច្រើន​អាចស្ដាប់យល់ភាសាមនុស្សបាន និងជាទូទៅសត្វដ៏ធំនេះស្ដាប់តាមបង្គាប់បញ្ជាម្ចាស់របស់ខ្លួនជានិច្ច៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត