
ក្រុងព្រះវិហារ៖ ហ្វូងដំរីព្រៃចំនួន៦ក្បាល ដែលបានចូលវាយលុកផ្ទះរបស់ប្រជាពលរដ្ឋ នៅក្នុងភូមិពោធិ៍ខឿន ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ កាលពីយប់ថ្ងៃទី៣០សីហា មកទល់ពេលនេះ មិនទាន់ចូលព្រៃវិញទេ ដោយពួកវាកំពុងសម្ងំនៅចុងភូមិ។ យ៉ាងណា អាជ្ញាធរមូលដ្ឋាន បាននិងកំពុងត្រៀមកម្លាំង ក៏ដូចជាវិធានការទប់ស្កាត់ កុំឱ្យពួកវាបង្កផលប៉ះពាល់ដល់ប្រជាជន និងផលដំណាំ…។

លោក ឃីន រស្មី អភិបាលស្រុកត្បែងមានជ័យ ថ្លែងប្រាប់ SBM News នៅថ្ងៃចន្ទទី៣១សីហានេះ ថា ដំរីទាំងនោះ បានចូលមកភូមិពោធិ៍ខឿន ជាលើកទី២ហើយ ដោយកាលពីយប់ថ្ងៃទី៣០ម្សិលមិញ ពួកវាបានបង្កឱ្យផ្ទះពលរដ្ឋចំនួនមួយខ្នងរងនូវការខូចខាតយ៉ាងដំណំ ចំណែកម្ចាស់ផ្ទះត្រូវបានជម្លៀសចេញដោយសុវត្ថិភាព គ្មានរងរបួសទេ។ រីឯ ផលដំណាំដែលត្រូវដំរីទាំងនោះសុីមានដូចជា ផ្លែដូង ដើមចេក ពោត ដំបូងមី និងផ្លែឳទ្បឹក។ ចំពោះ ដើមហេតុដែលហ្វូងដំរីមកវាយលុកផ្ទះ និងដំណាំពលរដ្ឋ លោកចៅហ្វាយស្រុក បញ្ជាក់ថា តាមការសង្កេតតាំងពីថ្ងៃទី១០សីហា ឆ្នាំ២០២៦ មក ឃើញថា ហ្វូងដំរីនេះ វាមានកូនខ្ចី ហើយក្នុងព្រៃដែលជាជម្រកចាស់ វាអាចនឹងខ្វះចំណីអាហារ ទើបចេញមកក្រៅចូលភូមិអ្នកស្រុក ដើម្បីរកចំណីឱ្យកូនពួកវាស៊ី។

លោកបន្ថែមថា ចំពោះវិធានការមានតែត្រៀមកម្លាំងជួយអន្តរាគមន៍ ការពារពលរដ្ឋ ដូចជា គោះធុង គោះប៉ោត និងអាចដុតផាវបង្អើល ឱ្យពួកវាចូលព្រៃវិញ ដោយមិនធ្វើវិធីណាដែលបង្កឱ្យដំរីទាំងនោះ មានគ្រោះថ្នាក់ទេ។ លើសពីនេះ លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋផងដែរ ហាមវាយធ្វើបាបសត្វដំរីទាំងនោះ ដោយគ្រាន់តែបង្អើលវាបានហើយ ដើម្បីរួមនាំគ្នាថែរក្សាអភិរក្សដំរីព្រៃ កុំឱ្យបាត់បង់។ គួរជ្រាបថា ចាប់តាំងពីថ្ងៃទី១០ ខែសីហា រហូតមកដល់ថ្ងៃទី២៨ ខែសីហា មានសត្វដំរីហ្វូងចំនួន៦ក្បាល ក្នុងនោះ មេហ្វូងធំ៣ក្បាល និងតូច៣ក្បាល មិនដឹងប្រភពចេញមកពីតំបន់ណា បានចូលមកដល់ភូមិសាស្ត្រ ដូនគង់ ត្រពាំងក្រវ៉ាន់ ពាមអារោញ ស្រោងស្រឡៅ ស្ថិតក្នុងឃុំពោធិ៍ មានចម្ងាយប្រមាណ៥គីឡូម៉ែត្រពីសាលាឃុំពោធិ៍។សកម្មភាពរបស់ដំរីទាំងនេះ បង្កឱ្យប្រជាពលរដ្ឋ២នាក់រងរបួស ប៉ះពាល់ដល់ដំណាំកសិកម្ម និងជម្រកស្នាក់នៅក្នុងចម្ការមួយចំនួនផងដែរ៕





