
រដ្ឋធានីសេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃសុក្រទី៣០ ខែតុលា នេះថា កូរ៉េខាងជើង បានធ្វើតេស្តសាកល្បងដ្រូនវាយប្រហារ មីស៊ីល និងប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតពហុដើម នៅក្នុងព្រឹត្តិការណ៍តាំងបង្ហាញសព្វាវុធដ៏ធំមួយ ខណៈមេដឹកនាំផ្តាច់ការ គីម ជុងអ៊ុន បានបន្លឺសម្រែកឱ្យពន្លឿនការអភិវឌ្ឍបច្ចេកវិទ្យាដ្រូន និងបញ្ញាសិប្បនិម្មិត(AI) សម្រាប់វិស័យយោធាឱ្យកាន់តែឆាប់រហ័ស និងបានរំលេចថា «បើចង់បានសន្តិភាព ទាល់តែមានអំណាចយោធាខ្លាំង»...។

ព្រឹត្តិការណ៍បង្អួតបង្ហាញសព្វាវុធនេះ កើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋធានីសេអ៊ូល អះអាងថា រដ្ឋធានីព្យុងយ៉ាង បានបាញ់មីស៊ីលបាលីស្ទីករយៈចម្ងាយខ្លីប្រមាណមួយឡូ តម្រង់ឆ្ពោះទៅកាន់ឆ្នេរសមុទ្ទខាងកើតរបស់ខ្លួន ទោះជាមិនទាន់ច្បាស់ថា ការបាញ់ទាំងនោះមានទំនាក់ទំនងផ្ទាល់នឹងការតាំងបង្ហាញអាវុធនេះ ឬយ៉ាងណានៅឡើយ។ យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA លោក គីម បានសង្កត់ធ្ងន់ក្នុងព្រឹត្តិការណ៍នោះថា៖«គោលដៅក្នុងការក្តោបក្តាប់ឧត្តមភាពដាច់ខាតលើបច្ចេកវិទ្យាដ្រូន គឺជាជម្រើសដែលខ្វះមិនបាន ក្នុងបរិបទដែលទម្រង់នៃសង្គ្រាមទំនើបកំពុងផ្លាស់ប្ដូរឥតឈប់ឈរ»។ លោកបន្ថែមថា៖«កម្លាំងពិតប្រាកដ គឺជាសន្តិភាព ហើយសន្តិភាពត្រូវបានធានាដោយអំណាច នៃកម្លាំង[យោធា]តែមួយគត់»។

ការសម្ញែងសាច់ដុំយោធា រួមមាន៖ ដ្រូនអត្តឃាត ដ្រូនវាយប្រហារពហុមុខងារ ដែលអាចបាញ់មីស៊ីលពីអាកាសទៅដី មីស៊ីលតម្រង់ទិស និងប្រព័ន្ធបាញ់គ្រាបរ៉ុក្កែតទំហំ ៦០០មីលីម៉ែត្រ។ KCNA បានរាយការណ៍ថា ដ្រូន និងមីស៊ីលតម្រង់ទិស បានបុកចំគោលដៅលើកោះមួយ ដោយមានសុក្រឹតភាព១០០ភាគរយ។ សូមជម្រាបថា ការតាំងបង្ហាញអាវុធនេះ ធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើង បាញ់សាកល្បងអាវុធជាបន្តបន្ទាប់ ក្នុងនោះ រួមមានប្រព័ន្ធ Torpedo នាំផ្លូវ និងមីស៊ីលល្បឿនលឿនជាងសំឡេងរយៈចម្ងាយមធ្យម ដែលត្រូវបានគេរាយការណ៍ថា បំពាក់បច្ចេកវិទ្យា AI ផងដែរ។ សូមជម្រាបថា កម្ដៅព្រំដែននៅជ្រោយឧបទ្វីបកូរ៉េកំពុងកើនឡើង។ កើនឡើងស្របពេលមានជំហានសម្របសម្រួលថ្មីៗរបស់លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ទៅកាន់កូរ៉េខាងជើង ខណៈមេដឹកនាំកំពូលសហរដ្ឋអាម៉េរិករូបនេះ ហាក់ដូចជា ចង់ជំរុញទំនាក់ទំនងរបស់លោកជាមួយលោក គីម ជុងអ៊ុន ឱ្យកាន់តែល្អប្រសើរ៕





