កូរ៉េខាងជើង តេស្តក្បាលគ្រាប់បែកចង្កោមទំនើប អាចបំផ្លាញផ្ទៃដីរហូតដល់១៣ហិកតា
N
Nary Vann
•
7 ម៉ោងមុន

រដ្ឋធានីព្យុងយ៉ាង៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង (KCNA) បានរាយការណ៍នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះថា វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្រ្តការពារជាតិរបស់ខ្លួន បានធ្វើតេស្តជោគជ័យលើប្រព័ន្ធអាវុធដ៏សំខាន់មួយគឺ«ក្បាលគ្រាប់បែកចង្កោម» សម្រាប់បំពាក់លើមីស៊ីលបាលីស្ទីកយុទ្ធសាស្ត្រ។

យោងតាមការបញ្ជាក់របស់ KCNA ការធ្វើតេស្តនេះ ធ្វើឡើងដើម្បីវាយតម្លៃលើភាពបត់បែនក្នុងការប្រយុទ្ធ និងថាមពលបំផ្លិចបំផ្លាញរបស់ក្បាលគ្រាប់បែកចង្កោម ដោយក្នុងនោះក្បាលគ្រាប់ប្រភេទ Standard Type 2 ត្រូវបានរកឃើញថា មានសមត្ថភាពកម្ទេចគោលដៅលើផ្ទៃដីពី ១២ ដល់១៣ហិកតា ក្នុងកម្រិតដង់ស៊ីតេខ្ពស់បំផុត។ មន្ត្រីនៃរដ្ឋបាលមីស៊ីលកូរ៉េខាងជើង បានឱ្យដឹងថា ក្បាលគ្រាប់បែកចង្កោមនេះត្រូវបានបែងចែកជា៤ប្រភេទ ហើយកងទ័ពកូរ៉េខាងជើង នឹងទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់ក្បាលគ្រាប់ទាំងនេះគ្រប់ប្រភេទ ទៅតាមគោលបំណងប្រតិបត្តិការសឹកនីមួយៗ ឱ្យបានមុនដាច់ឆ្នាំ២០២៦ នេះ។

ការធ្វើតេស្តអាវុធទ្រង់ទ្រាយធំនេះ ធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើងបានបង្កើនការបង្ហាញកម្លាំងយោធាយ៉ាងខ្លាំងក្លានាពេលថ្មីៗនេះ ដោយរួមមានការបាញ់សាកល្បងមីស៊ីលបាលីស្ទីកប្រមាណ១០គ្រាប់ ឆ្ពោះទៅកាន់សមុទ្ទខាងកើត កាលពីថ្ងៃ២៩ ខែតុលា ឆ្នាំ២០២៦ ចំពេលដែលអធិការបតីអាល្លឺម៉ង់ កំពុងបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង។ ក្រុមអ្នកវិភាគបានលើកឡើងថា ការសាកល្បងអាវុធជាបន្តបន្ទាប់នេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងធ្វើទំនើបកម្មយោធា របស់លោក គឹម ជុងអ៊ុន ខណៈកងទ័ពកូរ៉េខាងជើង ទទួលបានបទពិសោធសង្គ្រាមទំនើបជាក់ស្តែង តាមរយៈការបញ្ជូនកងទ័ពទៅជួយប្រទេសរុស្ស៊ី ក្នុងសង្គ្រាមនៅអ៊ុយក្រែន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត