កូរ៉េខាងជើងប្រកាស៖ ទណ្ឌកម្មបរទេស មិនអាចរារាំងដំណើរនុយក្លេអ៊ែរបានឡើយ
ហៀប ស៊ីថេត
•
5 ម៉ោងមុន

រដ្ឋធានីសេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃសៅរ៍ទី៣១ ខែតុលានេះថា ប្រទេសកូរ៉េខាងជើង បានថ្កោលទោសសេចក្តីថ្លែងការណ៍រួមរបស់ក្រុមប្រទេស ដែលតាមដានការអនុវត្តទណ្ឌកម្មលើរដ្ឋធានីព្យុងយ៉ាង ហើយចាត់ទុកទង្វើនេះថាជា «ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់ខ្លួន»...។

សេចក្តីថ្លែងការណ៍រួមដែលត្រូវបានចេញផ្សាយនៅក្នុងសប្តាហ៍នេះ រួមមាន សហរដ្ឋអាម៉េរិក អូស្ត្រាលី អង់គ្លេស និងកូរ៉េខាងត្បូង បានអំពាវនាវឱ្យរដ្ឋជាសមាជិកអង្គការសហប្រជាជាតិទាំងអស់អនុវត្តឱ្យបានពេញលេញនូវសេចក្តីសម្រេចស្តីពីទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ដែលហាមឃាត់ការប្រើប្រាស់ពលករកូរ៉េខាងជើង និងកិច្ចសហប្រតិបត្តិការយោធាជាមួយរបបព្យុងយ៉ាង។ យ៉ាងណា ទីភ្នាក់ងារព័ត៌មាន KCNA បានសម្រង់សម្តីរបស់អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងថា៖«ទណ្ឌកម្ម និងសម្ពាធអាចមានប្រសិទ្ធភាពលើប្រទេសទន់ខ្សោយ ប៉ុន្តែមិនអាចជះឥទ្ធិពលលើពួកយើងបានឡើយ»។

អ្នកនាំពាក្យរូបនោះបានបន្ថែមថា៖«ល្បិចទណ្ឌកម្មដដែលៗរបស់សហរដ្ឋអាម៉េរិក និងលោកខាងលិច មិនអាចកែប្រែជំហររបស់កូរ៉េខាងជើង ក្នុងនាមជារដ្ឋអាវុធនុយក្លេអ៊ែរបាននោះទេ»។ សូមបញ្ជាក់ថា សេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលត្រូវបានអនុម័តចាប់តាំងពីឆ្នាំ២០០៦ មក មានគោលបំណងបញ្ចប់កម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់កូរ៉េខាងជើង ប៉ុន្តែកូរ៉េខាងជើងបន្តផលិត និងសាកល្បងអាវុធបណ្តាក់គ្នាដូចខ្យង ស្ទើរគ្មានលស់ថ្ងៃឡើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត