
រដ្ឋធានីម៉ានីល៖ នៅលើទឹកដីប្រទេសហហ្វីលីពីន ក្នុងរដ្ឋធានីម៉ានីល កាលពីថ្ងៃអង្គារទី១៧ ខែវិច្ឆិកា ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានថ្លែងថា លោកបានជួយដោះស្រាយជម្លោះរវាងកម្ពុជា-ថៃ និងបានជួយសង្គ្រោះជីវិតមនុស្សរាប់ពាន់រាប់ម៉ឺននាក់ ហើយជនស៊ីវិលភៀសសឹកជាច្រើន អាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ពួកគេវិញបាន។ ទោះយ៉ាងណា យោធាថៃនៅតែបន្តទន្ទ្រានកាន់កាប់ដីខ្មែរជាច្រើនទីតាំង ខណៈប្រជាជនស៊ីវិលកម្ពុជាប្រមាណ២ម៉ឺននាក់នៅមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានវិញបាននៅឡើយ។

ថ្លែងនៅក្នុងកិច្ចប្រជុំអាស៊ាន-អាម៉េរិក លោកប្រធានាធិបតី ត្រាំ បានសង្កត់ធ្ងន់ថា ៖«ដូចដែលអ្នកទាំងអស់គ្នាបានដឹងហើយថា នៅក្នុងកិច្ចប្រជុំអាស៊ានកាលពីឆ្នាំមុននៅប្រទេសម៉ាឡេស៊ី នាយករដ្ឋមន្ត្រី អាន់វ៉ា និងខ្ញុំ បានសម្របសម្រួលបង្កើតកិច្ចព្រមព្រៀងសន្តិភាពជាប្រវត្តិសាស្ត្រមួយរវាងកម្ពុជា និងថៃ ដែលត្រូវបានគេស្គាល់ថាជា កិច្ចព្រមព្រៀងសន្តិភាពរាជធានីគូឡាឡាំពួរ (Kuala Lumpur Peace Accord) ហើយយើងទទួលបានបទឈប់បាញ់មួយ ដែលបានជួយសង្គ្រោះជីវិតមនុស្សរាប់ពាន់រាប់ម៉ឺននាក់ ហើយប្រហែលជាច្រើនជាងនេះទៅទៀត»។ លោកបន្តថា ៖«ហើយជាលទ្ធផល ជនស៊ីវិលភៀសខ្លួនរាប់មិនអស់ អាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ពួកគេវិញបាន ហើយខ្ញុំទទួលបានការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅពីប្រទេសកម្ពុជា...។ នោះគឺជារឿងដ៏អស្ចារ្យ ដែលយើងបានធ្វើរួមគ្នា។ យើងនៅតែប្តេជ្ញាចិត្តក្នុងការរក្សាបទឈប់បាញ់នោះ និងធានាឱ្យមានការអនុវត្តកិច្ចព្រមព្រៀងឱ្យបានពេញលេញ និងស្មោះត្រង់ ដូចដែលបានព្រមព្រៀងគ្នាកាលពីមួយឆ្នាំមុន ហើយខ្ញុំគិតថាវានឹងបន្តរក្សាបាន...»។

ដោយឡែក ថ្លែងនៅមុនពេលចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីពាណិជ្ជកម្មជាមួយនាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរគុល (Anutin Charnvirakul) លោក ត្រាំ បានថ្លែងថា ៖«វាជាកិត្តិយសរបស់ខ្ញុំ ដែលបានធ្វើការជាមួយនាយករដ្ឋមន្ត្រី ដើម្បីកសាងសន្តិភាពរវាងប្រទេសថៃ និងកម្ពុជា។ ជាសង្គ្រាមមួយទៀតដែលខ្ញុំបានសង្គ្រោះ ប៉ុន្តែខ្ញុំមិនទទួលបានគុណសម្បត្តិទាល់តែសោះ។ ប៉ុន្តែមិនអីទេ ខ្ញុំមិនប្រកាន់ឡើយ ព្រោះខ្ញុំចង់ជួយសង្គ្រោះជីវិតមនុស្ស»។ គួរបញ្ជាក់ថា ថ្វីបើមានកិច្ចព្រមព្រៀងសន្តិភាពរាជធានីគូឡាឡាំពួរ ដែលផ្តួចផ្តើមឡើងដោយប្រធានាធិបតីអាម៉េរិក និងម៉ាឡេស៊ីកាលពីឆ្នាំមុនក៏ដោយ ប៉ុន្តែភាគីថៃ នៅតែបន្តរំលោភពានទឹកដីកម្ពុជា តាមរយៈការរាយលួសបន្លា និងទូកុងទីនឺ តាមបណ្តោយព្រំដែន ជាពិសេសយោធាឈ្លានពានថៃបន្តកាន់កាប់ និងឈរជើងលើទឹកដីកម្ពុជា ជាច្រើនទីតាំងដោយខុសច្បាប់។ ទន្ទឹមនឹងប្រជាជនស៊ីវិលភៀសសឹកកម្ពុជាប្រមាណ២ម៉ឺននាក់នៅមិនទាន់អាចវិលត្រឡប់ទៅភូមិឋាន និងផ្ទះសម្បែងរបស់ពួកគេវិញបាននៅឡើយទេ៕




