
ខេត្តព្រះសីហនុ៖ លោក ឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ បានរំលេចឡើងនូវចំណុចពិសេសគួរឱ្យកត់សម្គាល់ អំពីការធ្វើសមយុទ្ធនាគមាសរួមគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពចិនលើកទី៨។ លោក បង្ហាញឱ្យឃើញថា សមយុទ្ធលើកទី៨ មានលក្ខណៈពិសេស និងលេចធ្លោជាងសមយុទ្ធ៧លើកកន្លងមក ពីព្រោះសមយុទ្ធលើកទី៨នេះ ធ្វើឡើងទាំង៣សមរភូមិតែម្តង គឺលើសមុទ្ទ លើគោក និងលើអាកាស ហើយប្រើសុទ្ធតែយុទ្ធោបករណ៍ដែលមានបច្ចេកវិទ្យាទំនើបៗជាច្រើនប្រភេទ ដូចជា នាវាចម្បាំង ឧទ្ធម្ភាគចក្រ រថពាសដែក កំាភ្លើងធំ និងដ្រូន ជាដើម។

មានចំណុចសំខាន់មួយទៀត! ប្រមុខការពារជាតិកម្ពុជា លើកឡើងថា សមយុទ្ធនេះ នឹងជួយលើកកម្ពស់សមត្ថភាពកងទ័ពកម្ពុជា-ចិន «ក្នុងការប្រយុទ្ធជាក់ស្តែង» នៅពេលមានអាសន្នគ្រប់កាលៈទេសៈ។ លោក បន្តថា តាមរយៈសមយុទ្ធ កងទ័ពប្រទេសជាមិត្តទាំងពីរ នឹងផ្តាស់ប្តូរបទពិសោធពីគ្នាទៅវិញទៅមក។ ជាមួយគ្នា លោកនិយាយដាច់ដោយឡែកណែនាំទៅកាន់កងទ័ពកម្ពុជា ឱ្យចាប់យកឱកាសក្នុងការធ្វើសមយុទ្ធនេះ ដើម្បីអភិវឌ្ឍខ្លួន និងក្រេបជញ្ជក់ជំនាញពីការចែករំលែករបស់កងទ័ពចិន ស្របពេលកម្ពុជាកំពុងធ្វើទំនើបកម្មក្នុងវិស័យការពារជាតិ។

ពិធីបើកសមយុទ្ធនាគមាសលើកទី៨ ប្រព្រឹត្តទៅនៅមូលដ្ឋានកងទ័ពសមុទ្ទរាម នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់លោក ទៀ សីហា។ កងទ័ពខាងកម្ពុជាជាង១៦០០នាក់ និងកងទ័ពខាងចិនជាង១៣០០នាក់ ចូលរួមហ្វឹកហាត់ក្នុងសមយុទ្ធគដ៏គគ្រឹកគគ្រេងនេះ ដែលមានរយៈពេលដល់ទៅ១៥ថ្ងៃ ដោយប្រធានបទ ផ្តោតលើការប្រឆាំងអំពើភេរវកម្ម ការកម្ចាត់ក្រុមចោរសមុទ្ទ និងការជួយសង្គ្រោះប្រជាជន ឬជនរងគ្រោះ។

ដើម្បីចៀសវាងការភ័ន្តច្រឡំ ឬការចោទប្រកាន់ខុសទំនង លោក ទៀ សីហា ចាំបាច់ត្រូវតែបញ្ជាក់ជាមុនឱ្យច្បាស់លាស់ពីចំណុចនេះ គឺសមយុទ្ធរវាងកងទ័ពកម្ពុជា-ចិន គ្មានបំណងគំរាមកំហែង ឬប៉ះពាល់ដល់ប្រទេសទី៣ណាឡើយ។ ផ្ទុយមកវិញ រដ្ឋមន្រ្តីការពារជាតិកម្ពុជា ប្រកាសថា សមយុទ្ធនេះ ជាការរួមចំណែកពង្រឹងសន្តិសុខពិភពលោក និងការធ្វើសកម្មភាពផ្នែកមនុស្សធម៌។ លោក បន្តថា ការធ្វើសមយុទ្ធនាគមាសលើកទី៨ បង្ហាញឱ្យឃើញពីជំនឿទុកចិត្ត និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិនក្នុងនាមជាមិត្តដែកថែប ហើយក៏នឹងបោះជំហានទៅមុខមួយកម្រិតទៀត ក្នុងការអភិវឌ្ឍទំនាក់ទំនង និងការកសាងវាសនារួមជាមួយគ្នា។

លោកឧបនាយករដ្ឋមន្រ្តី មិនភ្លេចនោះទេនូវពាក្យចុងក្រោយ គឺអរគុណយ៉ាងជ្រាលជ្រៅទៅកាន់ប្រជាជន រដ្ឋាភិបាល និងកងទ័ពចិន ដែលតែងជួយ និងផ្តល់ការគាំទ្រលើវិស័យជាច្រើននៅកម្ពុជា រួមទាំងវិស័យការពារជាតិផងដែរ។ លោក ជូនពាក្យមួយឃ្លាទៅចិនថា កម្ពុជា «ចងចាំជានិច្ច» ចំពោះការជួយគាំទ្រដោយស្មោះរបស់មិត្តចិននាពេលកន្លងមក។ មិនមែនតែជាមួយមហាយក្សចិននោះទេ! ឈានចូលដល់ឆ្នាំ២០២៧ខាងមុខឆាប់ៗនេះ កងទ័ពកម្ពុជា ក៏នឹងចាប់ផ្តើមធ្វើសមយុទ្ធជាមួយកងទ័ពមហាអំណាចអាម៉េរិកឡើងវិញដែរ បន្ទាប់ពីផ្អាកអស់ជិត១០ឆ្នាំមក។ ការហ្វឹកហ្វឺនរវាងកងទ័ពកម្ពុជា និងកងទ័ពអាម៉េរិក ហៅថា សមយុទ្ធឆ្មាំអង្គរ៕
រូបក្នុងពិធីបើកសមយុទ្ធពីហ្វេសប៊ុក៖ ព័ត៌មាន កងទ័ពជេីងទឹក មូលដ្ឋានសមុទ្ររាម













