
រាជធានីភ្នំពេញ៖ បើគ្មានអ្វីប្រែប្រួលទេ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូលយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (អេកម៉ិក) លើកទី១១ និង កិច្ចប្រជុំកំពូលសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១២ ដែលនឹងប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម ចាប់ថ្ងៃទី២៧ ដល់២៩ ខែវិច្ឆិកា ឆ្នាំ២០២៦។ នេះបើតាមការជូនដំណឹងរបស់ក្រសួងការបរទេស នៅព្រឹកថ្ងៃទី២៥វិច្ឆិកា។

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស, លោកឧបនាយករដ្ឋមន្ត្រី កើតរិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, លោកឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយរដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល តំណាងសភាពាណិជ្ជកម្មកម្ពុជា និងអ្នកពាក់ព័ន្ធជាច្រើនទៀត នឹងអញ្ជើញអមដំណើរសម្ដេចធិបតី។

កិច្ចប្រជុំកំពូលអេកម៉ិក នឹងប្រព្រឹត្តទៅក្រោមមូលបទ «ការពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឆ្ពោះទៅរកអេកម៉ិកដែលមានភាពឆ្លាតវៃ និងចីរភាព»។ កិច្ចប្រជុំកំពូលអេកម៉ិកលើកទី១១ នឹងវាយតម្លៃលើវឌ្ឍនភាពដែលសម្រេចបាន ព្រមទាំងស្វែងរកមធ្យោបាយដើម្បីជំរុញបន្ថែមទៀតនូវការតភ្ជាប់ក្នុងតំបន់ នវានុវត្តន៍ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ចំណែក កិច្ចប្រជុំកំពូល CLMV លើកទី១២ ប្រព្រឹត្តទៅក្រោមមូលបទ «ការតភ្ជាប់តំបន់ CLMV និងការកសាងអនាគតប្រកបដោយវិបុលភាព» ដោយផ្អែកលើស្មារតីនៃមិត្តភាពជាប្រពៃណី និងភាពជាអ្នកជិតខាងល្អ ទាញយកសក្តានុពល។ កិច្ចប្រជុំកំពូលនេះ នឹងផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង ការតភ្ជាប់ក្នុងអនុតំបន់ និងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំង៤។ ចុងក្រោយ នឹងផ្ទេរតំណែងប្រធានកិច្ចប្រជុំកំពូល CLMV ពីវៀតណាម មកកម្ពុជា៕





