
រាជធានីភ្នំពេញ៖ លោកស្រីនាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា បានជួបពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការលើផ្នែកនីតិកម្ម ជាមួយលោកស្រី ភេធីហ្វ័ររ៉ូវ៉ា អ៊ីលីណា វ៉ាឡឺយ៉េណា (Petiforova Elena Valeryevna) អនុប្រធាននាយកដ្ឋានច្បាប់ នៃក្រសួងការពារជាតិរុស្ស៊ី កាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ។

លោកស្រី ដាំ ដារីនី បានបញ្ជាក់ថា ជំនួបនេះមានគោលបំណងពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ គឺកងយោធពលខេមរភូមិន្ទកម្ពុជា និងកងទ័ពរុស្ស៊ី តាមរយៈការផ្លាស់ប្ដូរបទពិសោធ និងខ្លឹមសារជាក់ស្តែងពាក់ព័ន្ធនឹងវិស័យច្បាប់ ការកសាងច្បាប់ សិក្ខាកាម ព្រមទាំងជំរុញការយល់ដឹងពីការអនុវត្តច្បាប់ក្នុងជួរកងទ័ពនីមួយៗឱ្យកាន់តែរឹងមាំ រីកចម្រើនទាន់សម័យបច្ចេកវិទ្យាទំនើបបច្ចុប្បន្ន និងទៅអនាគត។

រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា បានគូសបញ្ជាក់បន្ថែមថា សង្គ្រាម ឬរាល់ជម្លោះនានាមិនអាចបញ្ចប់ដោយការប្រើប្រាស់អាវុធនោះទេ ពោលគឺមានតែយន្តការច្បាប់ជាតិ-អន្តរជាតិ និងកិច្ចព្រមព្រៀងនានាតែប៉ុណ្ណោះ ទើបអាចនាំមកនូវដំណោះស្រាយ និងបញ្ចប់ជម្លោះប្រកបដោយចីរភាព។ លោកស្រី អះអាងថា ការកសាងច្បាប់នៅក្នុងជួរកងទ័ព គឺជាកត្តាចាំបាច់បំផុតដើម្បីពង្រឹងភាពរឹងមាំទាំងផ្នែកវិន័យ កាយសម្បទា និងឆន្ទៈមោះមុត ព្រមទាំងជំរុញឱ្យមានការចូលរួមពីប្រជាពលរដ្ឋ ជាពិសេសស្រទាប់យុវជន ដែលជាកម្លាំងបន្តវេនដ៏សំខាន់ ឱ្យមានប្រសិទ្ធភាពខ្ពស់គ្រប់កាលៈទេសៈទាំងក្នុងពេលសន្តិភាព និងពេលមានសង្គ្រាម៕





