​មេដឹកនាំកម្ពុជា នឹងទៅចូលរួមប្រជុំ CLMV នៅចិន
Mao Sopha
•
04 វិច្ឆិកា 2024 12:30 PM

រាជធានីភ្នំពេញ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលៗចំនួន៣ នៅខេត្តយូណាន ប្រទេសចិន ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយក្នុងនោះ ក៏មានកិច្ចប្រជុំកំពូលលើកទី១១ នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) ផងដែរ។ ប្រធានបទនៃកិច្ចប្រជុំកំពូល CLMV គឺ «មិត្តភាព និងសាមគ្គីភាព សម្រាប់សហគមន៍ប្រកបដោយភាពធន់ និងវិបុលភាព»។

ប្រទេសទាំង៤ ដែលស្ថិតក្នុងកិច្ចសហប្រតិបត្តិការ CLMV
ប្រទេសទាំង៤ ដែលស្ថិតក្នុងកិច្ចសហប្រតិបត្តិការ CLMV

កិច្ចប្រជុំកំពូល២ផ្សេងទៀត រួមមាន៖ កិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ ក្រោមប្រធានបទ «ឆ្ពោះទៅកាន់សហគមន៍កាន់តែប្រសើរឡើង» និងកិច្ចប្រជុំកំពូលនៃកិច្ចសហ ប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ានី-ចៅផ្រៈយ៉ា-មេគង្គ (អេកម៉ិក-ACMECS) លើកទី១០ ក្រោមប្រធានបទ «ឆ្ពោះទៅកាន់ការតភ្ជាប់ដោយរលូនសម្រាប់សមាហរណកម្មអនុតំបន់មេគង្គ»។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានឱ្យដឹងថា អ្នកចូលរួមអមដំណើរសម្តេចនាយករដ្ឋមន្រ្តី រួមមាន៖ លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស លោក ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ថ្នាក់ដឹកនាំនៃសភាពាណិជ្ជកម្ម និងសមាគមឧកញ៉ាកម្ពុជា។

សម្តេច ហ៊ុន ម៉ាណែត ឡើងយន្តហោះទៅប្រជុំនៅក្រៅប្រទេសនាពេលកន្លងមក។
សម្តេច ហ៊ុន ម៉ាណែត ឡើងយន្តហោះទៅប្រជុំនៅក្រៅប្រទេសនាពេលកន្លងមក។

ក្រសួងការបរទេស អះអាងថា កិច្ចប្រជុំកំពូលទាំងនេះ នឹងពិនិត្យលើសមិទ្ធផលដែលសម្រេចបានកន្លងមក និងកំណត់ទិសដៅអនាគត សម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការ និងជំរុញបន្ថែមនូវទំនុកចិត្តទៅវិញទៅមក។ ក្រសួងការបរទេស បន្ថែមថា កិច្ចប្រជុំខាងលើនេះ ក៏នឹងពង្រឹងភាពជាដៃគូក្នុងចំណោមបណ្តាប្រទេសសមាជិក ហើយនឹងបង្ហាញអំពីសារសំខាន់នៃ ការរួមរស់ជាមួយដោយសន្តិសហវិជ្ជមាន ក្នុងចំណោមប្រទេសសមាជិក៕ 

លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីការបរទេសកម្ពុជា និងអ្នកស្រី Retno Marsudi  រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូណេស៊ី រួមគ្នាធ្វើជាសហប្រធាន ក្នុងកិច្ចប្រជុំពាក់ព័ន្ធនឹងកិច្ចសហប្រតិប្តិការកម្ពុជា-ឥណ្ឌូណេស៊ី កាលពីខែសីហា ឆ្នាំ២០២៤។ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត