
រាជធានីភ្នំពេញ៖ គេនៅចាំបានថា កាលពីថ្ងៃ២០កញ្ញា ឆ្នាំ២០២៤ អតីតនាយករដ្ឋមន្រ្តីកម្ពុជា ជាង៣ទសវត្សរ៍ សម្តេចតេជោ ហ៊ុន សែន បានដកអាវុធចេញពីដៃពួកជ្រុលនិយមមួយចំនួន ដែលប្រើប្រាស់គម្រោង CLV-DTA ជាអាវុធនយោបាយ និងជាឈ្នាន់បោកបញ្ឆោតប្រជាជនកម្ពុជា ដើម្បីបង្កើតភាពវឹកវរ បង្កភាពចលាចល និងមានគម្រោងផ្តួលរំលំរាជរដ្ឋាភិបាល...។

សម្តេចតេជោ បានជជែកពិភាក្សាជាមួយ សម្តេចនាយករដ្ឋមន្ត្រី សម្រេចបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។ បើទោះបីជាកម្ពុជាសម្រេចដកខ្លួនចេញពី CLV-DTA ក៏ដោយ ក៏កម្ពុជានៅតែជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការជាច្រើនទៀត ដើម្បីលើកកម្ពស់ខឿនសេដ្ឋកិច្ចជាតិឱ្យរីកចម្រើនជាលំដាប់។ CLMV ជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការដែលកម្ពុជា ក៏ជាសមាជិកផងដែរ។
តើអ្វីទៅជា ស៊ីអិលអឹមវី (CLMV)?
SBM News សូមជម្រាបថា CLMV គឺជាសម្ព័ន្ធសមាជិកថ្មីចុងក្រោយចំនួនបួនប្រទេសនៅតំបន់អាស៊ីគ្នេយ៍រួមមាន៖ កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ដែលមានការអភិវឌ្ឍសេដ្ឋកិច្ចតិចជាង និងយឺតជាងប្រទេសសមាជិកដើមនៃអាស៊ានមួយចំនួនដូចជា៖ ឥណ្ឌូណេស៊ី ថៃ ម៉ាឡេស៊ី សិង្ហបុរី និងហ្វីលីពីន ជាដើម។ ទោះកំណើនសេដ្ឋកិច្ចរាងខ្សោយជាងគេបន្តិចមែន ប៉ុន្តែប្រទេសទាំងបួនក្នុងកិច្ចសហប្រតិបត្តិការ CLMV មានគុណសម្បត្តិលើកម្លាំងពលកម្ម និងធនធានធម្មជាតិ។

សូមលម្អិតអត្ថន័យកិច្ចសហប្រតិបត្តិការ CLMV បន្តិចថា អក្សរ C តំណាងឱ្យប្រទេសកម្ពុជា ដោយកម្ពុជា គឺជាប្រភពកម្លាំងពលកម្មដែលមានប្រាក់ឈ្នួលទាប កំណើនទេសចរណ៍ខ្ពស់ និងសិទ្ធិពាណិជ្ជកម្មអន្តរជាតិគួរឱ្យកត់សម្គាល់ បើទោះបីជាទំហំទីផ្សារមានកម្រិត និងកង្វះហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ក៏ដោយ។ ចំណែក អក្សរ L តំណាងឱ្យប្រទេសឡាវ ដោយប្រទេសជាប់របងកម្ពុជាមួយនេះ ក៏ជាប្រភពនៃកម្លាំងពលកម្មដែលមានប្រាក់ឈ្នួលទាបផងដែរ រួមជាមួយធនធានធម្មជាតិដ៏សម្បូរបែប រួមមាន៖ រ៉ែ ថាមពលវារីអគ្គិសនី និងសម្បូរដីកសិកម្មនៅតាមបណ្តាខេត្តជាប់នឹងទន្លេមេគង្គ។ មិនខុសពីកម្ពុជាប៉ុន្មានទេ ឡាវមានទំហំទីផ្សារតូច ទំហំប្រជាជនតិចតួច និងកង្វះការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដោយគ្មានផ្លូវគោកត្រឹមត្រូវ ប៉ះពាល់ដល់ប្រព័ន្ធដឹកជញ្ជូន។

ក្រឡេកទៅមើលអក្សរ M វិញ តំណាងឱ្យប្រទេសមីយ៉ាន់ម៉ា។ មីយ៉ាន់ម៉ា គឺមានចំនួនកម្លាំងពលកម្មដ៏ច្រើន និងតម្លៃពលកម្មថោក ហើយសម្បូរទៅដោយធនធានធម្មជាតិ រួមទាំងរ៉ែ ប្រេង និងដីកសិកម្ម ជាពិសេសតំបន់រ៉ែត្បូងធម្មជាតិ ជាប់ព្រំដែនប្រទេសចិន គឺជាចរន្តសរសៃឈាមសេដ្ឋកិច្ចដ៏ធំមួយផ្នែករបស់មីយ៉ាន់ម៉ា។ ជាងនេះទៅទៀត មីយ៉ាន់ម៉ាមានទីតាំងសមស្រប ដែលអាចតភ្ជាប់ជាមួយអាស៊ីបូព៌ាផង និងអាស៊ីអាគ្នេយ៍ផងដែរ។ ប៉ុន្តែ ប្រទេសនេះមានគុណវិបត្តិលើអស្ថិរភាពនយោបាយ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅមានកម្រិត។ ចុងក្រោយគេគឺអក្សរ V តំណាងឱ្យប្រទេសវៀតណាម ដែលជាគ្រាប់គុជសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ដ៏មានតម្លៃ នាពេលបច្ចុប្បន្ន។ ជាការពិត វៀតណាមមានសក្តានុពលខ្ពស់លើចំនួនពលកម្មវ័យក្មេង កម្លាំងពលកម្មទាប ការអភិវឌ្ឍឥតឈប់ឈរនៃហេដ្ឋារចនាសម្ព័ន្ធ និងកំណើនសេដ្ឋកិច្ចមានស្ថិរភាពខ្លាំងជាងគេ ជាមួយទំហំវិនិយោគិនបរទេសច្រើននៅវៀតណាម ជាមួយនឹងគោលនយោបាយការទូតដើមឫស្សីដ៏រស់រវើក។

ទោះជាយ៉ាងណាក៏ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា៖«CLMV ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០០មកម្ល៉េះ ពោលគឺជិត២៥ឆ្នាំហើយ។ CLMV ជាយន្តការក្របខណ្ឌអាស៊ានសម្រេចដោយប្រមុខអាស៊ាន[..]ក្នុងការជំរុញសេដ្ឋកិច្ចអាស៊ាន ដែលជាប្រទេសមានកំណើនសេដ្ឋកិច្ចក្រោយគេ តាមរយៈការជំរុញសម្មាហរណកម្មរវាងប្រទេសមានសេដ្ឋកិច្ចរីកចម្រើនចំនួន៦ ជាមួយសមាជិកអាស៊ានថ្មីទាំង៤[..]»។ ជារួម កិច្ចសហប្រតិបត្តិការ CLMV មានសារសំខាន់ណាស់ចំពោះអាស៊ាន ជាពិសេសសម្រាប់ប្រទេសសមាជិកថ្មីរបស់អាស៊ានទាំង៤នេះ។ ចំពោះចំណុចដែលពិសេសនោះ គឺនៅត្រង់ថា គោលដៅរបស់ CLMV ត្រូវព្យាយាមអភិវឌ្ឍសេដ្ឋកិច្ចខ្លួនធ្វើម៉េចឱ្យរត់ទាន់សមាជិកអាស៊ានចាស់ៗ កុំឱ្យមានគម្លាតដាច់គ្នាឆ្ងាយពេក។ ការច្របាច់ប្រទេសទាំង៤ចូលគ្នាក្នុងប្រតិបត្តិការមួយនេះ គឺដើម្បីជួយក្នុងការសម្របសម្រួល និងការកែសម្រួលច្បាប់ និងបទប្បញ្ញត្តិស្របតាមគោលការណ៍អាស៊ាន។ ឧទាហរណ៍ដូចជា៖ កិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរី(FTA) និងការលុបបំបាត់របាំងពាណិជ្ជកម្មជាដើម។

សូមបញ្ជាក់ថា បើទោះបីជាកម្ពុជាដកខ្លួនចេញពីគម្រោង CLV-DTA ក៏ដោយ ប៉ុន្តែកម្ពុជានឹងបន្តការអភិវឌ្ឍទឹកដីឱ្យកាន់តែរីកចម្រើនថែមទៀត តាមរយៈកិច្ចសហប្រតិបត្តិការធម្មតា ជាមួយក្របខណ្ឌទ្វេភាគីជាមួយអាស៊ាន, កិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV), និងដៃគូអភិវឌ្ឍន៍ពិភពលោកផ្សេងទៀត ដើម្បីកម្ពុជាខ្លួនឯង អាចរលាស់ខ្លួន ក្លាយជាប្រទេសអភិវឌ្ឍនាពេលដ៏ខ្លីខាងមុខ៕




