
ទីក្រុងសិនជិន៖ ចៅហ្វាយវិមានទឹកកកនៃរដ្ឋធានីក្រឹមឡាំង លោក វ្ល៉ាឌីមៀ ពូទីន បានសម្ញែងវ៉ាលីសនុយក្លេអ៊ែរនៅកណ្តាលទីក្រុងសិនជិន ប្រទេសចិន ដើម្បីបង្ហាញពីឫទ្ធានុភាព និងអំណាចអាវុធមហាប្រល័យរបស់រុស្ស៊ី នៅមុនពេលកិច្ចប្រជុំត្រីភាគីជាប្រវត្តិសាស្ត្រ ជាមួយលោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ និងមិត្តនាគរាជចិន ស៊ី ជីនពីង។

ទូរទស្សន៍រដ្ឋរុស្ស៊ីបានថតជាប់ និងផ្សព្វផ្សាយវីដេអូយ៉ាងច្បាស់ អំពីមន្ត្រីកងទ័ពជើងទឹករុស្ស៊ីម្នាក់ កំពុងយួរវ៉ាលីសនុយក្លេអ៊ែរដើរតាមលោក ពូទីន។ ជាធម្មតា វ៉ាលីសនុយក្លេអ៊ែរ កម្រត្រូវបានគេថតបង្ហាញជាសាធារណៈណាស់ ប៉ុន្តែនៅក្នុងវីដេអូដែលត្រូវបានចែករំលែកពាសពេញបណ្តាញសង្គម អ្នកយកព័ត៌មានទូរទស្សន៍រដ្ឋរុស្ស៊ី បានចង្អុលបង្ហាញយ៉ាងច្បាស់ថា វ៉ាលីសនុយក្លេអ៊ែរ គឺនៅខាងក្រោយលោកពូទីន ជានិច្ច។ អ្នកយកព័ត៌មានម្នាក់ទៀតថែមទាំងបានដើរទៅសួរមន្ត្រីកងទ័ពជើងទឹករូបនោះដោយត្រង់ៗថា តើនោះពិតជាវ៉ាលីនុយក្លេអ៊ែរមែនឬទេ? មន្ត្រីរូបនោះ ក៏បានញញឹម និងឆ្លើយបញ្ជាក់យ៉ាងច្បាស់ថា «ពិតមែនហើយ!»។

តើវ៉ាលីសនុយក្លេអ៊ែរនេះជាអ្វី? ជាការពិត វ៉ាលីសនុយក្លេអ៊ែររបស់រុស្ស៊ី មានឈ្មោះថា «ឆេហ្គេត (Cheget) ដែលដាក់ឈ្មោះតាមភ្នំមួយនៅរុស្ស៊ី។ វាមិនមែនជាវ៉ាលីសដែលមានប៊ូតុងសម្រាប់ចុចបាញ់គ្រាប់នុយក្លេអ៊ែរដោយផ្ទាល់នោះទេ ប៉ុន្តែវាគឺជាឧបករណ៍ទំនាក់ទំនងសម្ងាត់កម្រិតខ្ពស់ អនុញ្ញាតឱ្យប្រធានាធិបតីរុស្ស៊ី បញ្ជូនបញ្ជាទៅកាន់មេបញ្ជាការយោធា ដើម្បីអនុញ្ញាតឱ្យបាញ់អាវុធនុយក្លេអ៊ែរពីចម្ងាយ។ សហរដ្ឋអាម៉េរិក ក៏មានឧបករណ៍ស្រដៀងគ្នានេះដែរ ដែលគេហៅថា «Nuclear Football»។ នេះមិនមែនជាលើកទីមួយទេ រុស្ស៊ីធ្លាប់ប្រើវិធីបង្អួតវ៉ាលីសនេះ ម្ដងរួចមកហើយកាលពីឆ្នាំ២០២៣ នៅពេលលោក ពូទីន ទៅជួបលោក ស៊ី នៅរដ្ឋធានីប៉េកាំង ដើម្បីរំលឹកពិភពលោក អំពីអំណាចនុយក្លេអ៊ែររបស់ខ្លួន។

គួរបញ្ជាក់ថា នៅក្នុងជំនួបកំពូលរវាងមេដឹកនាំមហាអំណាចទាំង៣ «ត្រាំ-ស៊ី-ពូទីន» នៅប្រទេសចិន នេះ ត្រូវបានគេរំពឹងថា ពួកគេនឹងពិភាក្សាលើបញ្ហាក្ដៅគគុកធំៗ រួមមាន៖ សង្គ្រាមនៅអ៊ុយក្រែន សង្គ្រាមនៅអ៊ីរ៉ង់ និងបញ្ហាការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ ថ្វីបើមិនមានរបៀបវារៈផ្លូវការក៏ដោយ៕



