
ទីក្រុងសិនជិន៖ លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ បានថ្លែងនៅថ្ងៃព្រហស្បតិ៍ទី១៩ ខែវិច្ឆិកានេះថា កិច្ចប្រជុំរបស់លោកជាមួយសមភាគីចិន លោក ស៊ី ជីនពីង និងសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន គឺជា«ជ័យជម្នះ»រួចទៅហើយ ខណៈប្រទេសចិន បានរៀបចំបដិសណ្ធារកិច្ចទទួលស្វាគមន៍លោកយ៉ាងកក់ក្ដៅបំផុត...។

ក្រុមអ្នកវិភាគបានលើកឡើងថា ការជួបជុំការទូតដែលមិនធ្លាប់មានពីមុនមករបស់មេដឹកនាំមហាអំណាចនុយក្លេអ៊ែរធំជាងគេលើពិភពលោកទាំង៣ ទំនងជាមិនអាចបង្កើតបានកិច្ចព្រមព្រៀងធំដុំណាមួយឡើយ ផ្ទុយទៅវិញវា អាចធ្វើឱ្យប្រទេសតូចៗមានការព្រួយបារម្ភ ថា ផលប្រយោជន៍របស់បណ្តាប្រទេសទាំងនោះ អាចនឹងត្រូវបានគេមើលរំលង។ នៅក្នុងបទសម្ភាសជាមួយទូរទស្សន៍ Fox News លោក ត្រាំ បានអួតអាងអំពីភាពអធិកអធម ជុំវិញការមកដល់របស់លោក ដែលផ្ទុយស្រឡះពីការទទួលស្វាគមន៍បែបស្ងប់ស្ងាត់ ចំពោះមេដឹកនាំដទៃទៀត រួមទាំងលោក ពូទីន ផងដែរ។ ចំណែកឯនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអេ តាកៃឈី (Sanae Takaichi) បានចុះចតដោយគ្មានពិធីទទួលស្វាគមន៍អ្វីទាំងអស់។

លោក ស៊ី បានទៅទទួលលោក ត្រាំ ដល់ព្រលានយន្តហោះដោយផ្ទាល់ ខណៈនេះជាលើកទីមួយហើយ ដែលលោកធ្វើបែបនេះចំពោះមេដឹកនាំបរទេស ចាប់តាំងពីឡើងកាន់តំណែងជាប្រធានាធិបតី។ នៅពេលត្រូវបានសួរថា តើលោកចង់បានអ្វីពីជំនួបត្រីភាគីដែលមិនធ្លាប់មាននេះ..? លោក ត្រាំ បែរជាឆ្លើយថា៖«នេះគឺជាប្រធានាធិបតីដ៏អស្ចារ្យ ជាប្រធានាធិបតីដ៏អស្ចារ្យម្នាក់របស់ប្រទេសចិន ហើយលោកមិនដែលទៅព្រលានយន្តហោះ ដើម្បីទទួលនរណាម្នាក់ឡើយ។ មិនត្រឹមតែប៉ុណ្ណោះ ភាពអធិកអធម ភាពស្រស់ស្អាត ពិធីការ មនុស្សរាប់ពាន់នាក់ កុមារតូចៗ កងទ័ព គឺគ្រប់យ៉ាងទាំងអស់។ វាគឺជាការគោរពដ៏ធំធេង ហើយខ្ញុំពិតជាកោតសរសើរចំពោះរឿងនេះ។ នោះគឺជាជ័យជម្នះដ៏ធំសម្រាប់ពួកយើង ហើយក៏ជាជ័យជម្នះដ៏ធំសម្រាប់ប្រទេសចិនផងដែរ»។

លោក ត្រាំ បានទទូចថា ការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ ត្រូវតែជាប្រធានបទស្នូលនៃកិច្ចប្រជុំកំពូលនេះ បើទោះបីជាប្រទេសចិន បានជំទាស់ម្ដងហើយម្ដងទៀត ចំពោះការចូលរួមកិច្ចចរចាជាមួយរដ្ឋធានីវ៉ាស៊ីនតោន និងរដ្ឋធានីមូស្គូ ដែលមានឃ្លាំងអាវុធនុយក្លេអ៊ែរធំជាងចិន ដាច់ឆ្ងាយក៏ដោយ។ លោក ត្រាំ បាននិយាយរៀបរាប់អំពីប្រទេសចិនថា៖«ពួកគេកំពុងសម្រុកផលិតអាវុធនុយក្លេអ៊ែរយ៉ាងខ្លាំងក្លា។ ខ្ញុំពិតជាចង់ឱ្យពួកគេបញ្ឈប់ការធ្វើបែបនេះ។ ប៉ុន្តែ..វាក៏ប្រហែលជាពិបាកសម្រាប់ពួកគេ ក្នុងការធ្វើដូចគ្នាដែរ»។ ប្រធានាធិបតីអាម៉េរិករូបនេះ ក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ផងដែរ ប៉ុន្តែមិនមានការបញ្ជាក់ណាមួយអំពីជំនួបនាពេលឆាប់ៗនេះឡើយ។

មន្ត្រីសេតវិមាន បានបញ្ជាក់ថា លោក ត្រាំ ត្រូវបានគេរំពឹងថា នឹងមិនលើកយកបញ្ហាសង្គ្រាមអ៊ុយក្រែន ទៅនិយាយក្នុងអំឡុងពេលប្រជុំនោះទេ។ ទោះជាយ៉ាងណា លោក ត្រាំ ខ្លួនឯង បានបង្ហើបថា លោកអាចនឹងលើកយកបញ្ហានេះ ទៅពិភាក្សា។ លើសពីនេះ នៅក្នុងបទសម្ភាសជាមួយ Fox News លោក ត្រាំ បានអះអាងថា លោកនឹងមិនស្វែងរកជំនួយពីរុស្ស៊ី និងចិន ដើម្បីបញ្ចប់ជម្លោះជាមួយអ៊ីរ៉ង់ឡើយ។ «យើងមិនត្រូវការជំនួយអ្វីទាំងអស់។ យើងបានកម្ទេចកងទ័ពជើងទឹករបស់ពួកគេ។ យើងបានកម្ទេចកងទ័ពអាកាសរបស់ពួកគេ ហើយយើងក៏បានកម្ទេចប្រព័ន្ធការពារដែនអាកាសរបស់ពួកគេផងដែរ» នេះជាសម្តីដ៏មុតស្រួចចេញពីមាត់លោកប្រធានាធិបតី ដូណាល់ ត្រាំ៕



