ក្រុមហ៊ូធី បើកការវា.យ.ប្រ.ហា.រអគារខ្ពស់បំផុតនៅរាជធានីរីយ៉ាដជាលើកទី២ បណ្ដាលឱ្យមនុស្ស១១នាក់រងរបួ.ស
ហៀប ស៊ីថេត
•
25 វិច្ឆិកា 2026 09:14 AM

រាជធានីរីយ៉ាដ៖ ក្រុមឧទ្ទាមហ៊ូធីរបស់ប្រទេសយេម៉ែន បានវាយប្រហារលើអគារ PIF Tower ដែលខ្ពស់ជាងគេបំផុតនៅក្នុងរាជធានីរីយ៉ាដ នៃប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអង្គារទី២៤ ខែវិច្ឆិកា។ ការវាយប្រហារនេះជាលើកទី២ ហើយក្នុងរយៈពេលមិនដល់មួយសប្តាហ៍ផង បណ្ដាលឱ្យមនុស្សយ៉ាងតិច១១នាក់រងរបួស ខណៈក្រុមឧទ្ទាមដ៏មានឥទ្ធិពលនេះ នៅតែបន្តយុទ្ធនាការវាយប្រហារ បានធ្វើឱ្យរាំងស្ទះដល់ប្រទេសសេដ្ឋកិច្ចធំជាងគេនៅតំបន់ឈូងសមុទ្ទមួយនេះ។

អង្គភាពការពារជនស៊ីវិលរបស់ប្រទេសអារ៉ាប៊ីសាអូឌីត បានរាយការណ៍អំពីអ្នករងរបួសទាំងនោះ និងបានបង្ហោះរូបភាពនៃអគារនិមិត្តរូបដ៏ល្បីល្បាញនេះ ដែលជាទីស្នាក់ការកណ្តាលរបស់មូលនិធិវិនិយោគសាធារណៈអារ៉ាប៊ីសាអូឌ (PIF)។ រូបភាពនោះ បានបង្ហាញពីការខូចខាតខ្លះៗនៅត្រង់ពាក់កណ្តាលនៃផ្នែកខាងមុខរបស់អគារ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ មិនអាចបញ្ជាក់ភ្លាមៗបានទេថា តើរូបភាពនោះត្រូវបានថតនៅពេលណា ឬទំហំនៃការខូចខាតនៃការវាយប្រហារចុងក្រោយនេះមានកម្រិតណានោះទេ? ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត ដែលកំពុងប្រយុទ្ធប្រឆាំងនឹងក្រុមហ៊ូធីនៅយេម៉ែន បានអះអាងថា ការវាយប្រហារនេះ ត្រូវបានធ្វើឡើងដោយប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ឬដ្រូន ហើយកំណត់គោលដៅដោយចេតនាលើជនស៊ីវិល និងទ្រព្យសម្បត្តិស៊ីវិល។ 

ក្រុមឧទ្ទាមហ៊ូធី បានបាញ់ប្រហារទៅលើព្រលានយន្តហោះ ហេដ្ឋារចនាសម្ព័ន្ធប្រេង និងអគារការិយាល័យនានារបស់អារ៉ាប៊ីសាអូឌីត ដែលជាផលប៉ះពាល់បន្តពីសង្គ្រាមរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់។ ការវាយប្រហារទាំងនេះ បានបណ្ដាលឱ្យមានការលុបចោលជើងហោះហើរអន្តរជាតិភាគច្រើនទៅកាន់រាជធានីរីយ៉ាដ និងបានបង្ខំឱ្យអារ៉ាប៊ីសាអូឌីតពន្យារពេល ឬលុបចោលព្រឹត្តិការណ៍អន្តរជាតិធំៗ រួមទាំងការប្រកួតបាល់ទាត់ពានរង្វាន់អាស៊ី AFC Asian Cup ផងដែរ។ ចំណែកនៅលើសមរភូមិផ្ទាល់ក្នុងប្រទេសយេម៉ែន សង្គ្រាមបានបង្កឱ្យមានវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ ដោយមានប្រជាជនរាប់សែននាក់ត្រូវបានជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេចាប់តាំងពីខែកក្កដាមក៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត