
មជ្ឈិមបូព៌ា៖ ប្រទេសអារ៉ាប៊ីសាអូឌីត ប្រើសំណាញ់មេឃស្ទាក់ចាប់មីស៊ីល និងដ្រូន ដែលជាប្រព័ន្ធការពារដែនអាកាស ក្រោយក្រុមឧទ្ទាមហ៊ូធីបាញ់សំដៅទៅកាន់រាជធានីរីយ៉ាដ (Riyadh) ទីក្រុងម៉ិកកា (Mecca) និងតំបន់ផ្សេងទៀត ខណៈភាពតានតឹងរវាងក្រុមគាំទ្រដោយអ៊ីរ៉ង់ និងព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត កាន់តែក្ដៅឡើងៗដូចអណ្តាតភ្លើង ឆេះឡើងពេញក្រមុំ...។

សម្ព័ន្ធយោធាដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានអះអាងថា ខ្លួនបានស្ទាក់ចាប់ និងបំផ្លាញមីស៊ីលតម្រង់ទិសចំនួន៣គ្រាប់ ហោះឆ្ពោះទៅកាន់តំបន់រាជធានីរីយ៉ាដ, ដ្រូន២គ្រឿង តម្រង់ទៅកាន់ទីក្រុងម៉ិកកា, និងតំបន់ភាគខាងត្បូង ព្រមទាំងមីស៊ីលចំនួន ២គ្រាប់ទៀត ដែលបានបាញ់ឆ្ពោះទៅទិសខាងលិច។ សម្ព័ន្ធយោធារៀបរាប់បន្តថា ការស្ទាក់ចាប់ កាលពីថ្ងៃពុធទី១១ ខែវិច្ឆិកា គឺជាថ្ងៃទី២ជាប់ៗគ្នាហើយ ដែលប្រព័ន្ធការពារដែនអាកាសអារ៉ាប៊ីសាអូឌីត បានស្ទាក់ចាប់មីស៊ីលរបស់ក្រុមឧទ្ទាមហ៊ូធី ដែលបានបាញ់តម្រង់ឆ្ពោះទៅកាន់រដ្ឋធានីរីយ៉ាដ បន្ទាប់ពីពួកគេបាញ់ទម្លាក់មីស៊ីលផ្លោងមួយគ្រាប់ និងមីស៊ីលតម្រង់ទិសមួយគ្រាប់ទៀត កាលពីថ្ងៃអង្គារ។ សូមរំលេចបន្តិចថា ទីក្រុងម៉ិកកា គឺជាទីតាំងដ៏ពិសិដ្ឋសម្រាប់ប្រជាជនមូស្លីមនៅទូទាំងពិភពលោក និងជាទីក្រុងដ៏វិសុទ្ធបំផុតរបស់សាសនាឥស្លាម និងជាចំណុចកណ្តាលនៃពិធីបុណ្យធម្មយាត្រាហាជ្ជ (Hajj) ប្រចាំឆ្នាំ ដែលមានអ្នកកាន់សាសនាឥស្លាមរាប់លាននាក់ ធ្វើដំណើរព្យុហយាត្រា ទៅកាន់ទីនោះជារៀងរាល់ឆ្នាំ។

ងាកត្រឡប់មករឿងមីស៊ិលវិញ យ៉ាងណា អ្នកនាំពាក្យយោធារបស់ក្រុមឧទ្ទាមហ៊ូធី លោក យ៉ាយ៉ា សារី (Yahya Saree) បានប្រកែកចំពោះការកំណត់គោលដៅវាយប្រហារដោយដ្រូនទៅលើទីក្រុងម៉ិកកា និងទីក្រុងមេឌីណា (Medina) ដោយបញ្ជាក់ថា ប្រតិបត្តិការរបស់ក្រុមលោក គឺកំណត់គោលដៅតែលើទីតាំងប្រេង និងមូលដ្ឋានយោធាប៉ុណ្ណោះ។ លោក សារី ក៏បានបញ្ជាក់ផងដែរ ថា ក្រុមហ៊ូធី បានវាយប្រហារលើស្ថានីយបូមប្រេងមួយកន្លែងនៅទីក្រុងយ៉ាន់ប៊ូ (Yanbu) របស់អារ៉ាប៊ីសាអូឌីត ជាមជ្ឈមណ្ឌលប្រេងដ៏សំខាន់មួយ អាចឱ្យការនាំចេញប្រេងវាងច្រកសមុទ្ទហ័រមូស្ស ដែលកំពុងត្រូវបានបិទខ្ទប់។ ទោះជាយ៉ាងណា មិនទាន់មានការបញ្ជាក់ពីភាគីអារ៉ាប៊ីសាអូឌីត ជុំវិញសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ូធីនេះ នៅឡើយទេ។

គួរបញ្ជាក់ថា ក្រុមឧទ្ទាមហ៊ូធី បានបង្កើនការវាយប្រហារដូចព្យុះ លើរាជធានីរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់ៗនេះ។ កាលពីខែមុន ការវាយប្រហាររបស់ក្រុមហ៊ូធី ទៅលើអាកាសយានដ្ឋានអន្តរជាតិ ឃីងខាលីដ (King Khalid) ក្នុងរាជធានីរីយ៉ាដ បានសម្លាប់មនុស្ស១៣នាក់ និងបណ្ដាលឱ្យមនុស្សជាង ៣០០នាក់រងរបួស។ ចាប់តាំងពីពេលនោះមក ក្រុមឧទ្ទាមគាំទ្រដោយអ៊ីរ៉ង់មួយនេះ បានបង្កើនការវាយប្រហារលើអាកាសយានដ្ឋាន កំពង់ផែ និងទីតាំងប្រេងរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ខណៈអារ៉ាប៊ីសាអូឌីតវិញ បានបង្កើនការវាយប្រហារតាមផ្លូវអាកាសលើគោលដៅរបស់ក្រុមហ៊ូធី នៅក្នុងប្រទេសយេម៉ែន ដើម្បីជាការឆ្លើយតប៕



