
រដ្ឋធានីអាដែន៖ លោក រ៉ាសាដ អាល់អាលីមី (Rashad al-Alimi) ប្រធានក្រុមប្រឹក្សាប្រធានាធិបតីនៃរដ្ឋាភិបាលយេម៉ែន បានប្រកាសចាប់ផ្តើមប្រតិបត្តិការយោធាទ្រង់ទ្រាយធំកាលពីថ្ងៃអាទិត្យទី៤ ខែតុលា ឆ្នាំ២០២៦ ដើម្បីវាយដណ្តើមយកដែនដីទាំងអស់ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាមហ៊ូធីមកវិញ ខណៈក្រុមប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់ដ៏មានឥទ្ធិពលមួយនេះ កំពុងបង្កើនការវាយលុកយ៉ាងខ្លាំងក្លានៅលើសមរភូមិ និងបានកាត់ផ្តាច់ផ្លូវផ្គត់ផ្គង់សំខាន់ៗ ជុំវិញទីក្រុងតៃស៍(Taiz)...។

លោក អាល់អាលីមី បានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ខ្ញុំសូមប្រកាសនៅថ្ងៃនេះ នូវការចាប់ផ្តើមប្រតិបត្តិការយោធា ដើម្បីដណ្តើមយកដែនដីដែលនៅសល់នៃសាធារណរដ្ឋ[យេម៉ែន] និងពង្រីកអំណាចរដ្ឋព្រមទាំងស្ថាប័នផ្លូវការនៅទូទាំងប្រទេស»។ លោកក៏បានអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ ចាប់ផ្តើមអនុវត្តបេសកកម្មដែលបានគ្រោងទុក រហូតដល់ប្រទេសជាតិត្រូវបានរំដោះទាំងស្រុងពីក្រញ៉ាំដៃរបស់ក្រុមប្រដាប់អាវុធហ៊ូធី។ ការប្រកាសយុទ្ធនាការយោធានេះ ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីកងកម្លាំងហ៊ូធីវាយដណ្តើមយកតំបន់អាល់សាហ្វីយ៉ា (al-Safiya) និងកាត់ផ្តាច់ផ្លូវដឹកជញ្ជូន និងស្បៀងអាហារដ៏សំខាន់ដែលភ្ជាប់រវាងទីក្រុងតៃស៍ និងរដ្ឋធានីអាដែន។ ប្រភពពីអាជ្ញាធរប៉ូលិស និងយោធាយេម៉ែន បានអះអាងថា ក្រុមហ៊ូធីបានគ្រប់គ្រងប៉ុស្តិ៍ប៉ូលិស និងបិទចរាចរណ៍លើផ្លូវជាតិ ដែលធ្វើឱ្យទីក្រុងតៃហ៍ត្រូវប្រឈមមុខនឹងការឡោមព័ទ្ធទាំងស្រុង។

ប្រភពបានគូសបញ្ជាក់ថា ការប្រយុទ្ធគ្នាយ៉ាងស្រួចស្រាវ ជុំវិញខេត្តតៃហ៍ និងព្រំប្រទល់ខេត្តឡាច(Lahj) ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ បានបណ្ដាលឱ្យមនុស្សជាង៧០នាក់ បាត់បង់ជីវិត ក្នុងនោះរួមមាន ទាហានរដ្ឋាភិបាល៣៤នាក់ និងសមាជិកក្រុមហ៊ូធី៣៩នាក់។ ទន្ទឹមនឹងការប្រយុទ្ធគ្នានៅលើដីគោក ក្រុមហ៊ូធី ក៏បានបន្តបើកការវាយប្រហារដោយមីស៊ីលបាលីស្ទីក និងដ្រូនស្រោចទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ក្រុមហ៊ុនប្រេងអារ៉ាមកូ (Aramco) របស់អារ៉ាប៊ីសាអូឌីត ក្នុងរដ្ឋធានីរីយ៉ាដ និងតំបន់ឃូរ៉ាយស៍ (Khurais) ផងដែរ។ ជាការឆ្លើយតប កងទ័ពអាកាសដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានបើកការវាយប្រហារតាមអាកាសជាច្រើនលើកទៅលើគោលដៅរបស់ក្រុមហ៊ូធីនៅទីក្រុងសាណា (Sanaa), ខេត្តសាដា (Saada), និងតំបន់ជុំវិញទីក្រុងតៃស៍។ គួរបញ្ជាក់ថា សង្គ្រាមស៊ីវិលនៅយេម៉ែន ដែលបានផ្ទុះឡើងតាំងពីឆ្នាំ២០១៤ បានឡើងកម្ដៅយ៉ាងខ្លាំងក្លាសាជាថ្មី ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៦ ធ្វើឱ្យវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរស្រាប់នៅក្នុងប្រទេសក្រីក្រមួយនេះ កាន់តែយ៉ាប់ទៅៗ៕





