
រដ្ឋធានីអង់ការ៉ា៖ ប្រទេសតួកគី ប៉ាគីស្ថាន អេហ្ស៊ីប និងអារ៉ាប៊ីសាអូឌីត បានចេញមុខរួមគ្នាថ្កោលទោសយ៉ាងខ្លាំង ពោះការវាយប្រហាររបស់ក្រុមឧទ្ទាមហ៊ូធីនៅយេម៉ែន ដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់ លើអាកាសយានដ្ឋានអន្តរជាតិក្នុងរដ្ឋធានីរីយ៉ាដ ដោយបានហៅទង្វើនេះថាជា«ការបាញ់ប្រហារយ៉ាងគ្រោះថ្នាក់បំផុត ដែលមិនអាចយកលេស ឬទទួលយកបានឡើយ»។

យោងតាមអាជ្ញាធរអារ៉ាប៊ីសាអូឌីត ការវាយប្រហារថ្មីមួយលើអាកាសយានដ្ឋានអន្តរជាតិឃីងខាលីដ (King Khalid) កាលពីថ្ងៃអាទិត្យទី១១ ខែតុលា បានបណ្ដាលឱ្យមនុស្សម្នាក់ស្លាប់ និង ១២នាក់រងរបួស។ ការវាយប្រហារនេះបានកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការវាយប្រហារដោយដ្រូន និងមីស៊ីលដោយក្រុមហ៊ូធី កាលពីថ្ងៃសៅរ៍ បានសម្លាប់មនុស្សរហូតដល់ ១៣នាក់ និងបង្កឱ្យរបួសជាង ៣០០នាក់។

ក្រុមប្រជាជាតិដែលមានឥទ្ធិពលក្នុងតំបន់ទាំង៤ គឺ៖ តួកគី ប៉ាគីស្ថាន អេហ្ស៊ីប និងអារ៉ាប៊ីសាអូឌីត ដែលត្រូវបានគេប្រសិទ្ធនាមថា R4 បានបញ្ជាក់ជាថ្មីនូវសាមគ្គីភាព និងការគាំទ្រយ៉ាងពេញទំហឹងចំពោះប្រទេសអារ៉ាប៊ីសាអូឌីត រួមទាំងការគាំទ្រលើគ្រប់ វិធានការ និងជំហានស្របច្បាប់ទាំងអស់ ដែលអារ៉ាប៊ីសាអូឌីតត្រូវចាត់វិធានការ ដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះការគំរាមកំហែងទាំងនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាកាលពីថ្ងៃអាទិត្យ ក្រុម R4 បានគូសបញ្ជាក់ថា ក្រុមហ៊ូធីជាអ្នកទទួលខុសត្រូវទាំងស្រុងចំពោះផលវិបាកនៃការវាយប្រហារទាំងនេះ ដែលកំពុងគំរាមកំហែងដល់សន្តិសុខ និងសន្តិភាពក្នុងតំបន់ និងអន្តរជាតិ ហើយទាមទារឱ្យមានការបញ្ឈប់ការវាយប្រហារទាំងនេះជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។ គួរបញ្ជាក់ថា ប្រទេសតួកគី និងប៉ាគីស្ថាន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិរួមគ្នាជាមួយអារ៉ាប៊ីសាអូឌីត កាលពីខែសីហា ដោយកំណត់ថា ការវាយប្រហារលើភាគីណាមួយ គឺជាការវាយប្រហារលើភាគីទាំងអស់៕




