
ខេត្តព្រះសីហនុ៖ មូលដ្ឋានកងទ័ពជើងទឹកសមុទ្ទរាម នៃកងយោធពលខេមរភូមិន្ទ បានចេញសេចក្តីប្រកាសព័ត៌មាន ជាផ្លូវការ ស្ដីពីផែនការរៀបចំធ្វើសមយុទ្ធរួមគ្នាទ្រង់ទ្រាយធំ «នាគមាស-ឆ្នាំ២០២៦» រវាងកងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ពរំដោះប្រជាជនចិន ចាប់ពីថ្ងៃស្អែកនេះតទៅហើយ ខណៈសមយុទ្ធមានរយពេល១០ថ្ងៃ ទើបបិទបញ្ចប់...។

តាមរយៈសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំំ២០២៦ បានឱ្យដឹងថា កងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន បានសហការរៀបចំធ្វើសមយុទ្ធកងទ័ពជើងទឹកប្រចាំឆ្នាំ «នាគមាស-ឆ្នាំ២០២៦» ក្រោមប្រធានបទ «ប្រតិបត្តិការ ប្រឆាំងភេរវកម្មរួមគ្ន និងការងារសង្គ្រោះមនុស្សធម៌» នៅលើដែនទឹកអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅចន្លោះ កោះរ៉ុង និងកោះតាង ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ មានរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៦។

ជាមួយគ្នា មូលដ្ឋានកងទ័ពជើងទឹកសមុទ្ទរាម នៃកងយោធពលខេមរភូមិន្ទ ក៏បានអំពាវនាវដល់បណ្តាស្ថាប័ន អង្គភាពពាក់ព័ន្ធ ជាពិសេស បងប្អូនប្រជាពលរដ្ឋ ប្រជានេសាទ សាធារណជន មេត្តាជ្រាប និងកុំមានការភាន់ច្រឡំ ពេលមានឮសំឡេងកាំភ្លើង រួមជាមួយការចល័តកងទ័ព នាវាចម្បាំងនៅលើផ្ទៃសមុទ្ទ រក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងមិនអនុញ្ញាតចរាចរណ៍នៅបរិវេណជុំវិញតំបន់ប្រតិបត្តិការ ធ្វើសមយុទ្ធកងទ័ពជើងទឹក «នាគមាស-ឆ្នាំ២០២៦» ជៀសវាងការបង្កគ្រោះថ្នាក់ ឬហានិភ័យណាមួយ ជាយថាហេតុ៕











