ដឹងការពិតហើយ ! ករណីកក់បន្ទប់តាមផេក Siem Reap Private Villa មិនមែនជាអំពើឆបោកទេ គ្រាន់ជាការភាន់ច្រឡំ
ហាក់ អ៊ីឌី
•
5 ម៉ោងមុន

ក្រុងសៀមរាប៖ ក្រោយមានការបង្ហោះផ្សព្វផ្សាយករណីភ្ញៀវទេសចរ ធ្វើការកក់បន្ទប់ស្នាក់នៅតាមរយៈទំព័រហ្វេសប៊ុកផេកឈ្មោះ «Siem Reap Private Villa» ប៉ុន្តែនៅពេលធ្វើដំណើររទៅដល់ខេត្តសៀមរាប បែរជាពុំមានបន្ទប់សម្រាប់ស្នាក់នៅ ពេលនេះ រដ្ឋបាលខេត្តសៀមរាប បានចេញមកបញ្ជាក់ថា ករណីនេះ មិនមែនជាអំពើឆបោក ដូចការយល់ច្រឡំមួយចំនួនឡើយ...។

តាមរយៈហ្វេសប៊ុករបស់រដ្ឋបាលសៀមរាប នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ បានឱ្យដឹងថា ថ្មីៗនេះ មានការបង្ហោះផ្សព្វផ្សាយតាមបណ្ដាញសង្គម អំពីករណីករណីភ្ញៀវទេសចរ បានធ្វើការកក់បន្ទប់ស្នាក់នៅតាមរយៈទំព័រហ្វេសប៊ុកផេកឈ្មោះ «Siem Reap Private Villa» ប៉ុន្តែនៅពេលធ្វើដំណើររទៅដល់ខេត្តសៀមរាប បែរជាពុំមានបន្ទប់សម្រាប់ស្នាក់នៅ។ ភ្លាមៗ ក្រោយទទួលបានដំណឹងនេះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានចាត់កម្លាំងសមត្ថកិច្ចជំនាញចុះធ្វើការស្រាវជ្រាវជាបន្ទាន់។ ជាលទ្ធផលរកឃើញថា ករណីខាងលើ ជាករណីកក់បន្ទប់សណ្ឋាគារ ដើម្បីទទួលបានកំរ៉ៃជើងសារ តែគ្មានបន្ទប់ជូនភ្ញៀវស្នាក់នៅ ដោយសារសណ្ឋាគារ និងផ្ទះសំណាក់ ក្នុងរង្វង់ប្រតិបត្តិការជាមួយម្ចាស់ផេក Siem Reap Private Villa បានបិទ ដោយមិនបានជូនដំណឹងតែប៉ុណ្ណោះ មិនមែនជាករណី Scam ឡើយ។  

 លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប 
 លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប 

គួរបញ្ជាក់ថា ផេក Siem Reap Private Villa ត្រូវបានបង្កើតឡើងដោយ ឈ្មោះ ឈឿយ ឆវ័ន្ត ក្នុងគោលបំណងទទួលការកក់បន្ទប់ស្នាក់នៅតាមសណ្ឋាគារ ឬផ្ទះសំណាក់ចំនួន៤ ដើម្បីទទួលបានកម្រៃជើងសារ ក្នុងនោះ មានសណ្ឋាគារចំនួន២ ភ្ញៀវ បានចូលស្នាក់នៅជាធម្មតា តែសណ្ឋាគារចំនួន២ទៀតផ្សេងទៀតមានបញ្ហា ក្នុងនោះ មានសណ្ឋាគារ មង្គលអង្គរវីឡា បានផ្អាកដំណើរការ ដោយមិនបានជូនដំណឹងទៅខាងម្ចាស់ផេក Siem Reap Private Villa ឡើយ តែករណីនេះ ខាងអ្នកទទួលកក់បានធានាទូទាត់ប្រាក់កក់ ជូនភ្ញៀវវិញ។ ជាមួយគ្នា ចំពោះប្រាក់កក់របស់ភ្ញៀវទាំងអស់ ដែលបានបង់តាមរយៈផេក Siem Reap Private Villa បានទូទាត់ជូនភ្ញៀវ បានមួយចំនួនហើយ និងបន្តសងចំពោះភ្ញៀវផ្សេងទៀត ដែលមិនទាន់បានទូទាត់៕

‎

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត