
ក្រុងបាត់ដំបង៖ កម្លាំងសមត្ថកិច្ចជំនាញ បានបន្តប្រតិបត្តិការស្រាវជ្រាវ និងឈានដល់ការចុះបង្ក្រាបមុខសញ្ញាជនសង្ស័យចំនួន១១នាក់ ក្រោយធ្វើសកម្មភាពដេញកាប់ប្លន់យកម៉ូតូពីជនរងគ្រោះយ៉ាងសកម្ម នៅក្នុងភូមិសាស្ត្រក្រុងបាត់ដំបង និងស្រុកសង្កែ...។

ផ្អែកតាមរបាយការណ៍ពីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ប្រតិបត្តិការបង្ក្រាបជាបន្តបន្ទាប់នេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្រោយទទួលបានពាក្យបណ្តឹងពីពលរដ្ឋ កម្លាំងជំនាញព្រហ្មទណ្ឌ និងកម្លាំងអធិការដ្ឋាននគរបាលក្រុង-ស្រុក បានសហការគ្នា បើកការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ រហូតកំណត់បានមុខសញ្ញា និងឈានទៅឃាត់ខ្លួនជនសង្ស័យទាំង១១នាក់ បានជាបន្តបន្ទាប់ ព្រមទាំងដកហូតបានវត្ថុតាងពាក់ព័ន្ធមួយចំនួនផងដែរ។

ទោះយ៉ាងណា តាមចម្លើយសារភាពរបស់ក្រុមជនល្មើស បានប្រាប់ថា កន្លងមក ក្រុមនេះ បានធ្វើសកម្មភាពបង្កការអុកឡុកដោយហិង្សា ទៅលើអ្នកដទៃដោយការគប់ដុំថ្ម និងដេញវាយជនរងគ្រោះ បង្កភាពអានាធិបតេយ្យ ក្នុងមូលដ្ឋានក្រុងបាត់ដំបង និងស្រុកសង្កែ តែពេលនេះ ពួកគេត្រូវសមត្ថកិច្ចបង្រ្កាប និងអនុវត្តតាមផ្លូវច្បាប់បានសម្រេច។ បច្ចុប្បន្ន ជនសង្ស័យទាំង១១នាក់ រួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី៕




