
រាជធានីភ្នំពេញ៖ រដ្ឋបាលខណ្ឌដូនពេញ បានចេញមកអះអាង និងបញ្ជាក់យ៉ាងច្បាស់ជូនដល់សាធារណជន ថា រាល់ការចតយានជំនិះគ្រប់ប្រភេទនៅតាមដងផ្លូវសាធារណៈក្នុងមូលដ្ឋានខណ្ឌដូនពេញ គឺមិនមានការតម្រូវឱ្យបង់ប្រាក់ឡើយ...។

តាមរយៈផេកផ្លូវការរបស់រដ្ឋបាលខណ្ឌដូនពេញ នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ បានឱ្យដឹងថា ក្រោយទទួលបានព័ត៌មានចែកចាយនៅតាមបណ្តាញសង្គម របស់ម្ចាស់ករណី Sarak Official បានបង្ហោះវីដេអូសកម្មភាពស្ត្រីម្នាក់ទាមទារថ្លៃចំណតរថយន្តក្នុងមួយគ្រឿង១០០០០រៀល នៅតាមបណ្តោយផ្លូវសាធារណៈ១៧៨ ក្បែរសារមន្ទីរជាតិ។ តាមរយៈការស្រាវជ្រាវរកឃើញថា ស្ត្រីរូបនោះ មិនមានតួនាទីអ្វីក្នុងការចាត់តាំងពីអាជ្ញាធរ ឬអ្នករកស៊ីថ្លៃចំណតឡើយ គាត់គ្រាន់តែជាជនខិលខូចបន្លំយកថ្លៃចំណត ដោយហៅរថយន្តគេមកចតយកថ្លៃចំណត តាមចិត្តខ្លួនឯងតែប៉ុណ្ណោះ។ កន្លងមកអាជ្ញាធរគោលដៅប្រចាំការ បានហៅស្ត្រីរូបនោះ មកអប់រំណែនាំច្រើនលើកច្រើនសាហើយ និងមកដល់ពេលនេះ អាជ្ញាធរកំពុងស្វែងរកស្ត្រីនោះមកសួរនាំ និងអប់រំណែនាំមិនឱ្យបន្តសកម្មភាពយកថ្លៃចំណតតាមផ្លូវសាធារណៈបន្តទៀត។(Sic)

ការបញ្ជាក់របស់អាជ្ញាធរខណ្ឌដូនពេញនេះ ធ្វើឡើងក្រោយប្រជាពលរដ្ឋ រិះគនន់ដូចទឹកបាក់ទំនប់ ជុំវិញសកម្មភាពឆ្លៀតឱកាសរបស់ជនខិលខូចមួយចំនួន ដែលលួចយកផ្លូវសាធារណៈ ឬចិញ្ចើមផ្លូវធ្វើអាជីវកម្មទារប្រាក់ថ្លៃផ្ញើកង់-ម៉ូតូ ឬរថយន្តដោយខុសច្បាប់ ជាពិសេស នៅតាមតំបន់កម្សាន្ត និងទីប្រជុំជនសាធារណៈនានា ក្នុងអំឡុងពេលប្រជាពលរដ្ឋ និងភ្ញៀវទេសចរចេញ ដើរលេងកម្សាន្តយ៉ាងច្រើនកុះករ។ យ៉ាងណា មហាជន មានចម្ងល់ថា បើអប់រំណែនាំច្រើនសាហើយស្ត្រីម្នាក់នោះមិនរាងចាល ហេតុអ្វីមិនអនុវត្តច្បាប់ ឃើញតែរកមកអប់រំ ដោះលែងឱ្យស្ត្រីរូបនោះធ្វើសកម្មភាពដដែលជាដដែលបែបនេះ ឬមួយក៏ស្ត្រីរូបនោះរកលុយខុសច្បាប់ឱ្យជនណាមួយ ក្នុងជួររដ្ឋបាលខណ្ឌ បានជាមន្ត្រីមិនហ៊ានអនុវត្តច្បាប់ និងបន្តបណ្តែតបណ្តោយឱ្យធ្វើអ្វីតាមអំពើចិត្ត ហើយប្រាប់ពលរដ្ឋ ថា អប់រំរួចហើយបែរជាមិនស្តាប់អាជ្ញាធរ ទៅវិញ?...៕




