ស្នងការខេត្តកំពត ឱ្យក្រុមក្មេងទំនើងបង្ហោះម៉ូតូ ដើររើសសំរាមតាមមាត់ឆ្នេរ ជាការអប់រំសីលធម៌ និងផ្តល់តម្លៃលើបរិស្ថានសង្គម
Chanmarady Chuon
•
5 ម៉ោងមុន

ក្រុងកំពត៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត នៅព្រឹកថ្ងៃអង្គារទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ បានចាត់វិធានការអប់រំដ៏គួរឱ្យចាប់អារម្មណ៍មួយ ដោយបានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចនាំយកក្រុមក្មេងទំនើង ដែលចូលចិត្តធ្វើសកម្មភាពបង្ហោះម៉ូតូបង្កភាពអនាធិបតេយ្យ ឱ្យទៅដើររើសសំរាមសម្អាតបរិស្ថាននៅតាមមាត់ឆ្នេរ និងតំបន់រមណីយដ្ឋាននានាក្នុងខេត្ត ជាការលើកកម្ពស់បរិស្ថាន និងដើម្បីកែប្រែខ្លួន…។

ជុំវិញចំណាត់ការខាងលើរបស់លោក ម៉ៅ ច័ន្ទមធុរិទ្ធ បានទទួលការស្វាគមន៍ពីសំណាក់មហាជន ដែលជាវិធីអប់រំណែនាំទៅកាន់ក្រុមយុវជនទាំងនោះ ឱ្យបានស្វែងយល់ពីគុណតម្លៃនៃបរិស្ថានផង និងបង្ហាញពីការបាត់បង់សិទ្ធិក្រោយខ្លួនបានប្រព្រឹត្តអំពើប្រាសចាកពីសីលធម៌ល្អរបស់សង្គម។ ជាមួយគ្នា លោកស្នងការគូសបញ្ជាក់ថា៖ «ថ្ងៃបុណ្យទាន គេនាំគ្នាដើរលេងសប្បាយ ឯងនាំគ្នាមកបង្ហោះម៉ូតូ»។ ទង្វើបង្ហោះម៉ូតូនៅតាមទីសាធារណៈ មិនត្រឹមតែបង្កការរំខានដល់សណ្តាប់ធ្នាប់សង្គម និងភ្ញៀវទេសចរ ដែលមកលេងកម្សាន្តក្នុងឱកាសបុណ្យអុំទូកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កគ្រោះថ្នាក់ដល់អាយុជីវិតខ្លួនឯង និងអ្នកដទៃផងដែរ។

ក្រៅពីការដាក់ពិន័យឱ្យធ្វើពលកម្មសង្គម ដើររើសសំរាមតាមឆ្នេរ និងធ្វើកិច្ចសន្យាអប់រំណែនាំហើយនោះ ផ្អែកតាមគោលការណ៍ណែនាំ និងវិធានការរដ្ឋបាល ចំពោះក្រុមក្មេងទំនើងបង្ហោះម៉ូតូ គឺត្រូវដកហូតមធ្យោបាយ(ម៉ូតូ) យកមករក្សាទុករយៈពេល៣ខែ សម្រាប់ការប្រព្រឹត្តលើកទី១ និងអាចឈានដល់ការដកហូតរក្សាទុកចាប់ពី៦ខែ ទៅ១ឆ្នាំ ក្នុងករណីនៅតែមិនរៀងចាល។ វិធានការនេះ ទទួលបានការគាំទ្រ និងសាទរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលកំពុងដើរលេងកម្សាន្តនៅក្នុងខេត្តកំពត ក្នុងឱកាសឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូក ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈបានល្អប្រសើរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត