
រាជធានីភ្នំពេញ៖ សមយុទ្ធ"នាគមាស ឆ្នាំ២០២៦” រវាងកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ពរំដោះប្រជាជនចិន នឹងត្រូវរៀបចំប្រារព្ធធ្វើរយៈពេល១៥ថ្ងៃ ចាប់ពីចុងខែវិច្ឆិកា ដល់ដើមខែធ្នូ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មនិងចោរសមុទ្ទរួមគ្នា និងការងារមនុស្សធម៌»។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃអង្គារទី២៤ ខែវិច្ឆិកា...។

អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ បានគូសបញ្ជាក់យ៉ាងដូច្នេះថា សូមជម្រាបជូនសាធារណជនជាតិ-អន្តរជាតិ ជ្រាបថា អនុលោមតាមកិច្ចសហប្រតិបត្តិការយោធា រវាងក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន កងទ័ពនៃប្រទេសទាំងពីរ នឹងរៀបចំសមយុទ្ធរួមគ្នា ក្រោមប្រធានបទ«ប្រតិបត្តិការប្រឆាំងភេរវកម្ម និងចោរសមុទ្ទរួមគ្នា និងការងារមនុស្សធម៌» ដែលនឹងប្រព្រឹត្តទៅរយៈពេល១៥ថ្ងៃ ចាប់ពីចុងខែវិច្ឆិកា ដល់ដើមខែធ្នូ ឆ្នាំ២០២៦។ សមយុទ្ធនេះ រៀបចំឡើងក្នុងគោលបំណងអភិវឌ្ឍឱ្យកាន់តែស៊ីជម្រៅ នូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជា-ចិន, ការផ្លាស់ប្ដូរបទពិសោធ បង្កើនសមត្ថភាពកម្រិតជំនាញ និងការពង្រឹងចំណងមិត្តភាពដែកថែប រវាងកងទ័ពនៃប្រទេសទាំងពីរ។

ប្រតិបត្តិការនេះ ក៏ផ្តោតសំខាន់លើការប្រឆាំងភេរវកម្ម ការងារមនុស្សធម៌ និងការងារសង្គ្រោះផងដែរ។ សមយុទ្ធយោធានេះ រួមមាន៖ ទី១.សមយុទ្ធលើគោក និងអាកាស នៅវិទ្យាស្ថាននាយទាហានចម្រុះ និងសាលាហ្វឹកហ្វឺនតេជោសែនជុំគិរី។ ទី២.សមយុទ្ធលើសមុទ្ទ និងអាកាស នៅមូលដ្ឋានសមុទ្ទរាម មូលដ្ឋាមទ័ពអាកាសកងកេង និងតំបន់សមុទ្ទខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៦។ ក្នុងអំឡុងពេលនៃសមយុទ្ធ នឹងមានការប្រើប្រាស់គ្រាប់ពិត គ្រឿងយុទ្ធោបករណ៍ធុនធ្ងន់ បច្ចេកវិទ្យាដ្រូន (Drone) និងការចល័តកងទ័ពទាំងលើទឹក លើគោក និងលើអាកាស។ ជាមួយគ្នានេះ ក៏មានសកម្មភាព ការងារសង្គម និងមនុស្សធម៌នៅតាមបណ្តាមូលដ្ឋានក្បែរតំបន់សមយុទ្ធផងដែរ។

ជាមួយគ្នានេះ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ក៏បានបញ្ជាក់បន្ថែមផងដែរថា ដើម្បីឱ្យកិច្ចដំណើរការសមយុទ្ធខាងលើ ប្រព្រឹត្តទៅដោយរលូន និងធានាបាននូវសុវត្ថិភាពខ្ពស់ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់សមយុទ្ធ មេត្តាជ្រាបជាព័ត៌មាន និងកុំមានការភិតភ័យ ចំពោះសកម្មភាពចល័តទ័ព ឬការប្រើប្រាស់គ្រាប់ពិត ក្នុងអំឡុងពេលហ្វឹកហ្វឺននេះ៕







