នាវាយក្ស STAR SEEKER ដឹកភ្ញៀវអន្តរជាតិចម្រុះជាតិសាសន៍ ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ចំថ្ងៃបើកឆាកបុណ្យអុំទូក
ហាក់ អ៊ីឌី
•
9 ម៉ោងមុន

ក្រុងព្រះសហនុ៖ ថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក នាវាទេសចរណ៍អន្តរជាតិដ៏ប្រណីតឈ្មោះ STAR SEEKER សញ្ជាតិ BAHAMAS បានធ្វើដំណើរចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព ដោយបានដឹកភ្ញៀវទេសចរអន្តរជាតិចម្រុះជាតិសាសន៍ជិត២០០នាក់ មកទស្សនា និងលេងកម្សាន្តនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា....។  

ក្នុងឱកាសនៃការចូលចតរបស់នាវាទេសចរណ៍ខាងលើ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្ដៅដល់ភ្ញៀវទេសចរ ចំនួន១៨៦នាក់ មាន១១សញ្ជាតិ និងនាវិកចំនួន១៣៤នាក់ មាន២១សញ្ជាតិ ចុះពីនាវាទេសចរណ៍ STAR SEEKER មានបណ្ដោយប្រវែង១៣១,៧៥ម៉ែត្រ និងទទឹងប្រវែង១៩ម៉ែត្រ ជម្រៅ៤,៨១ម៉ែត្រ។ មន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានចង្អុលបង្ហាញអំពីតំបន់សក្តានុពលទេសចរណ៍សំខាន់ៗរបស់ខេត្តព្រះសីហនុ ជូនភ្ញៀវបានទៅកម្សាន្តលេង ស្របពេលដែលប្រទេសកម្ពុជា កំពុងប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុករយៈពេល៣ថ្ងៃពេញ។

ជាមួយគ្នា អាជ្ញាធរខេត្ត មន្ទីរទេសចរណ៍ មន្ត្រីកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានផ្តល់កិច្ចសហការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅ។ វត្តមានជាបន្តបន្ទាប់នៃនាវាទេសចរណ៍អន្តរជាតិ ចំពេលកម្ពុជាកំពុងប្រារព្ធព្រះរាជពិធីបុណ្យអុំទូកនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីភាពរីកចម្រើននៃវិស័យទេសចរណ៍ផ្លូវទឹក ស្ថិរភាពនយោបាយ សន្តិសុខ សុវត្ថិភាពល្អប្រសើរ និងសក្តានុពលដ៏ទាក់ទាញនៃតំបន់ឆ្នេរសមុទ្ទកម្ពុជា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត