
ក្រុងកែប៖ ក្នុងឱកាសថ្ងៃឈប់សម្រាកថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តកែបបានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុប ជិត៣ម៉ឺននាក់ ដែលបានសម្រុកទៅលេងកម្សាន្ត និងសម្រាកលម្ហែកាយយ៉ាងច្រើនកុះករ....។

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកែប កំណើនភ្ញៀវទេសចរដ៏ច្រើននេះ បានទៅជួបជុំកម្សាន្តតាមបណ្តារមណីយដ្ឋាន និងគោលដៅទេសចរណ៍សំខាន់ៗទូទាំងខេត្ត រួមមាន៖ តំបន់ឆ្នេរ និងផ្សារក្តាម៖ ភ្ញៀវទេសចរបាននាំគ្នាងូតទឹកសមុទ្ទលេងកម្សាន្ត ស្រូបយកខ្យល់អាកាសបរិសុទ្ធ និងទទួលទានអាហារសមុទ្ទស្រស់ៗយ៉ាងអ៊ូអរ។តំបន់កោះ និងឧទ្យានជាតិ៖ ភ្ញៀវទេសចរមួយចំនួនធំបានធ្វើដំណើរឆ្លងទៅលេងកម្សាន្តនៅលើកោះទន្សាយ ឧទ្យានជាតិកែប ព្រមទាំងតំបន់កសិទេសចរណ៍ និងរមណីយដ្ឋានធម្មជាតិនានា។

ទន្ទឹមនឹងលំហូរភ្ញៀវទេសចរយ៉ាងច្រើនកុះករនេះ រដ្ឋបាលខេត្តកែប មន្ទីរទេសចរណ៍ និងកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បានសហការគ្នាយ៉ាងយកចិត្តទុកដាក់ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សម្រួលចរាចរណ៍ និងថែរក្សាអនាម័យបរិស្ថានបានយ៉ាងល្អប្រសើរ ព្រមទាំងណែនាំដល់អាជីវករឱ្យរក្សាតម្លៃសេវាកម្ម និងម្ហូបអាហារឱ្យបានសមរម្យ ដើម្បីផ្តល់ភាពកក់ក្ដៅជូនភ្ញៀវទេសចរពេញមួយរយៈពេលនៃពិធីបុណ្យ៕





