ឥណ្ឌូណេស៊ី រឹបអូសកប៉ាល់មួយគ្រឿងដឹកសារធាតុផលិតអាវុធពីចិន ជាង៤០០តោន
S
Sinuon Nop
•
10 ម៉ោងមុន

រដ្ឋធានីហ្សាការតា៖ កងទ័ពជើងទឹកឥណ្ឌូណេស៊ី បានចាប់ឃាត់កប៉ាល់ដឹកទំនិញមួយគ្រឿង ដោយប្រើប្រាស់ទង់ជាតិរបស់ប្រទេសកូម៉ូរ៉ូស (Comoros) ដែលជាប្រទេសប្រជុំកោះ នៅភាគអាគ្នេយ៍ នៃទ្វីបអាហ្វ្រិក ដោយបានរកឃើញសារធាតុសូដ្យូម ពែរក្លូរ៉ាត (Sodium Perchlorate) ចំនួន៤០៥ តោន។

សារព័ត៌មាន The Times of India បានផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកាថា សារធាតុទាំងនេះ គឺជាភ្នាក់ងារអុកស៊ីតកម្មដ៏ខ្លាំងក្លាមួយ ដែលត្រូវប្រើប្រាស់ នៅក្នុងដំណើរការឧស្សាហកម្ម ក៏ដូចជា នៅក្នុងការផលិតឥន្ធនៈសម្រាប់គ្រាប់រ៉ុក្កែត និងគ្រឿងបំផ្ទុះមួយចំនួនទៀត។ ការចាប់កប៉ាល់ដឹកទំនិញមួយគ្រឿងនេះ បានធ្វើឡើង នៅក្នុងដែនទឹក ក្បែរតំបន់បែឡាវ៉ាន់ ( Belawan) នៃប្រទេសឥណ្ឌូណេស៊ី។

ទីភ្នាក់ងារព័ត៌មានរបស់ឥណ្ឌូណេស៊ី បានរាយការណ៍ថា នាវាឈ្មោះ MV Star Line ដែលឥណ្ឌូណេស៊ី បានចាប់នោះ គឺបានធ្វើដំណើរចេញមក ពីប្រទេសចិន នៅក្នុងទិសដៅទៅកាន់ប្រទេសបង់ក្លាដែស ខណៈកប៉ាល់នោះបានឈប់ នៅក្នុងដែនទឹកបែឡាវ៉ាន់ ដើម្បីចាក់ប្រេងឥន្ធនៈ នៅមុនពេលកងកម្លាំងជើងទឹក បានសង្កេតឃើញសកម្មភាព មិនប្រក្រតីមួយចំនួន ទើបសម្រេចចិត្ត ត្រួតពិនិត្យលើនាវានោះតែម្ដង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត