ជប៉ុន នឹងប្រើទឹកដីឥណ្ឌា បាញ់សាកល្បងមីស៊ីលចម្ងាយឆ្ងាយ បង្ហាញសាច់ដុំដាក់ចិន
S
Sinuon Nop
•
12 ម៉ោងមុន

រាជធានីតូក្យូ៖ ប្រទេសជប៉ុន និងឥណ្ឌា បានព្រមព្រៀងគ្នា អនុញ្ញាតឲ្យកម្លាំងស្វ័យការពាររបស់ទីក្រុងតូក្យូ ហ្វឹកហ្វឺនបាញ់គ្រាប់មីស៊ីលពិតប្រាកដ នៅក្នុងលើទឹកដីរបស់ឥណ្ឌាជាលើកដំបូង ក្រោយពេលរដ្ឋមន្រ្ដីការបរទេស និងរដ្ឋមន្រ្ដីក្រសួងការពារជាតិ នៃប្រទេសទាំង២ បានជួបគ្នា នៅក្នុងរាជធានីតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅថ្មីៗនេះ។

នាយករដ្ឋមន្រ្ដីជប៉ុន លោកស្រី សាណេ តាកៃឈិ និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង
នាយករដ្ឋមន្រ្ដីជប៉ុន លោកស្រី សាណេ តាកៃឈិ និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង

សារព័ត៌មាន Japan Today បានផ្សាយ នៅថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកាថា រដ្ឋមន្រ្ដីក្រសួងការពារជាតិជប៉ុន លោក ស៊ីនជីរ៉ូ កូអ៊ិហ្ស៊ូមិ (Shinjiro Koizumi) បានបញ្ជាក់ថា កងកម្លាំងស្វ័យការពារ នឹងប្រើប្រាស់ទឹកដីរបស់ឥណ្ឌា សម្រាប់ជាការបាញ់សាកល្បងមីស៊ីល ចាប់ពីឆ្នាំ២០២៧តទៅ ហើយនេះជាការបោះជំហានជាយុទ្ធសាស្រ្ដដ៏ធំមួយ ក្រោយពេលភាគីទាំង២ បានចុះហត្ថលេខាលើលិខិតបង្ហាញអំពីចេតនារួមគ្នា នៅក្នុងកិច្ចប្រជុំកម្រិតរដ្ឋមន្ត្រី (ទម្រង់ ២+២) លើកទីបួនរបស់ជប៉ុន និងឥណ្ឌា។

ប្រមុខការទូត-ការពារជាតិឥណ្ឌា (ឆ្វេងទៅស្ដាំ) និងសមភាគីជប៉ុន
ប្រមុខការទូត-ការពារជាតិឥណ្ឌា (ឆ្វេងទៅស្ដាំ) និងសមភាគីជប៉ុន

ជប៉ុន ត្រូវការទីតាំងបែបនេះ ដោយសារទីតាំងបាញ់សាកល្បងដែលមានស្រាប់ នៅក្នុងប្រទេសខ្លួន មានទំហំតូចពេក មិនអាចប្រើប្រាស់ សម្រាប់ការសាកល្បងអាវុធ រយៈចម្ងាយឆ្ងាយបាន ដូចជា មីស៊ីល ប្រភេទ Type-25 បាញ់ពីលើគោកទៅកាន់នាវា ដែលអាចហោះហើរបានចម្ងាយប្រហែល១ ០០០ គីឡូម៉ែត្រ។ នៅក្នុងកិច្ចប្រជុំនោះ រដ្ឋមន្ត្រីរបស់ជប៉ុន និងឥណ្ឌា ក៏បានលើកឡើងពីការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច និងការដាក់កម្រិតលើការនាំចេញ ដោយគ្មានមូលដ្ឋានច្បាស់លាស់។ សកម្មភាពបែបនេះ គឺជាការសំដៅយ៉ាងច្បាស់ ទៅលើប្រទេសចិន។

ប្រព័ន្ធមីស៊ីលរបស់ជប៉ុន ប្រភេទ Type-25
ប្រព័ន្ធមីស៊ីលរបស់ជប៉ុន ប្រភេទ Type-25

ប្រទេសចិន បានចុះឈ្មោះក្រុមហ៊ុនជប៉ុនមួយចំនួន ចូលក្នុងបញ្ជីខ្មៅរបស់ខ្លួន និងបានកាត់បន្ថយការនាំចេញរ៉ែដ៏កម្រ (rare-earth minerals) ទៅកាន់ប្រទេសជប៉ុន ចាប់តាំងពីនាយករដ្ឋមន្រ្ដីជប៉ុន លោកស្រី សាណេ តាកៃឈិ (Sanae Takaichi) បានលើកឡើង អំពីលទ្ធភាព នៃការកើតមានវិបត្តិ នៅតៃវ៉ាន់។ កិច្ចព្រមព្រៀងនេះ ជួយពង្រឹងទំនាក់ទំនងផ្នែកការពារជាតិ រវាងប្រទេសឥណ្ឌា និងជប៉ុនឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ខណៈប្រទេសទាំង២កំពុងតែខិតខំប្រឹងប្រែង ពង្រឹងសមត្ថភាព ទប់ទល់នឹងការគំរាមកំហែងនៅក្នុងតំបន់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត