រន្ធត់ចិត្ត! ភ្លើងឆេះរោងចក្រស្ករគ្រាប់នៅឥណ្ឌូណេស៊ី ប៉ូលិសប្រមូលបសា.កស.ព២៤នាក់ ខណៈកម្មកររាប់សិបនាក់ទៀត កំពុងបាត់ខ្លួន
Chanmarady Chuon
•
3 ម៉ោងមុន

រដ្ឋធានីហ្សាការតា៖ ប្រតិបត្តិការស្វែងរកកម្មកររាប់សិបនាក់ដែលកំពុងបាត់ខ្លួន ក្នុងហេតុការណ៍អគ្គិភ័យឆេះរោងចក្រផលិតស្ករគ្រាប់នៅកោះជ្វា ប្រទេសឥណ្ឌូណេស៊ី នឹងត្រូវចាប់ផ្តើមឡើងវិញ នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ខណៈសាកសព២៤នាក់ ត្រូវបានយកចេញពីកន្លែងកើតហេតុរួចហើយ…។

យោងតាមទីភ្នាក់ងារសារព័ត៌មាន AP គ្រោះអគ្គិភ័យដ៏រន្ធត់នេះ បានកើតឡើងកាលពីល្ងាចថ្ងៃសៅរ៍ទី២១ ខែវិច្ឆិកា នៅរោងចក្រផលិតស្ករគ្រាប់ PT Fonusa Agung Mulia ដែលមានទីតាំងស្ថិតក្នុងស្រុក Cikande តំបន់ Serang។ បើតាមប្រភពព័ត៌មានផ្លូវការ រោងចក្រនេះ គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន United Family Food របស់ឥណ្ឌូណេស៊ី ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៨១ មកម្ល៉េះ។ រហូតមកដល់ថ្ងៃអាទិត្យទី២២ ខែវិច្ឆិកា ប៉ូលិសឥណ្ឌូណេស៊ី បាននាំយកថង់ដាក់សាកសពចំនួន ២៤ថង់ ចេញពីអគាររោងចក្រដែលរងការបំផ្លិចបំផ្លាញយ៉ាងដំណំ ខណៈក្រុមពន្លត់អគ្គិភ័យនៅតែបន្តបាញ់ទឹកពន្លត់ភ្លើងដែលនៅសេសសល់។ ជាមួយគ្នាប្រតិបត្តិការស្វែងរកកម្មកររាប់សិបនាក់ទៀតដែលកំពុងបាត់ខ្លួន ត្រូវបានផ្អាកជាបណ្តោះអាសន្នកាលពីយប់មិញ ដោយសារកត្តាសុវត្ថិភាព។

បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក អ្នករស់រានមានជីវិតពីហេតុការណ៍នេះ បានអះអាងថា អណ្តាតភ្លើងបានចាប់ផ្តើមឆាបឆេះចេញពីម៉ាស៊ីនត្រជាក់ (ប្រព័ន្ធបន្ថយកម្តៅ) នៅជាន់ទី៣ នៃអគាររោងចក្រ។ លោក Rizky Dwianto មន្ត្រីប្រតិបត្តិការនៃទីភ្នាក់ងារស្វែងរក និងសង្គ្រោះខេត្តបានទែន (Banten) បានឱ្យដឹងថា រថយន្តពន្លត់អគ្គិភ័យចំនួន ១៥គ្រឿង អមដោយរថយន្តបាញ់ទឹកជំនួយជាច្រើនគ្រឿងទៀត ត្រូវបានដាក់ពង្រាយដើម្បីគ្រប់គ្រងស្ថានការណ៍ អស់រយៈពេលជាង១២ម៉ោង បន្ទាប់ពីភ្លើងបានចាប់ផ្តើមឆេះ។ បច្ចុប្បន្ន ក្រុមសង្គ្រោះចម្រុះ រួមមានប៉ូលិស យោធា កាកបាទក្រហមឥណ្ឌូណេស៊ី និងក្រុមអ្នកស្ម័គ្រចិត្ត កំពុងប្រចាំការយ៉ាងសកម្មនៅទីតាំងកើតហេតុ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត