តុលាការអ៊ីរ៉ង់ បង្គាប់ឲ្យសហរដ្ឋអាម៉េរិក សងសំណងខូចខាតជិត៣០០ពាន់លានដុល្លារ
S
Sinuon Nop
•
13 ម៉ោងមុន

រដ្ឋធានីតេហ៊ីរ៉ង់ (Tehran)៖ មន្រ្ដីតុលាការមួយរូបរបស់ប្រទេសអ៊ីរ៉ង់ បានអះអាងថា តុលាការជាច្រើនរបស់ប្រទេសនេះ បានសម្រេចចេញបទបញ្ជាឲ្យសហរដ្ឋអាម៉េរិក បង់លុយចំនួន២៩០ពាន់លានដុល្លារអាម៉េរិក ជាសំណងការខូចខាត ចំពោះសកម្មភាពនានារបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ដែលបានប្រព្រឹត្ត ប្រឆាំងនឹងសាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់ អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ។

ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ
ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ

បណ្ដាញទូរទស្សន៍ France 24 បានផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកាថា បើតាមមន្រ្ដីតុលាការអ៊ីរ៉ង់ បានបញ្ជាក់ កាលពីថ្ងៃចន្ទថា បណ្តឹងទាំងឡាយនោះ ក៏បានប្ដឹងប្រឆាំងនឹងបណ្តារដ្ឋនានារបស់អារ៉ាប់ នៅតំបន់ឈូងសមុទ្រ ក្រោមការចោទប្រកាន់ថា បណ្ដាប្រទេសទាំងនោះ បានអនុញ្ញាតឱ្យរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ប្រើប្រាស់ទឹកដីរបស់ខ្លួន វាយប្រហារមកលើប្រទេសអ៊ីរ៉ង់។

បើតាមទូរទស្សន៍គ្រប់គ្រង ដោយរដ្ឋអ៊ីរ៉ង់ បានឲ្យដឹងថា លោក ហាស់សាន់ អាប់ឌូលៀនភូរ (Hassan Abdolianpour) ប្រធានមជ្ឈមណ្ឌលមេធាវី នៃស្ថាប័នតុលាការអ៊ីរ៉ង់ បានបញ្ជាក់ថា៖ «យើងបានទទួលសេចក្តីសម្រេចនានា ពីតុលាការជាច្រើន នៅក្នុងប្រទេស ដោយបានតម្រូវឱ្យភាគីសហរដ្ឋអាម៉េរិក សងសំណងការខូចខាត ចំនួន២៩០ពាន់លានដុល្លារអាម៉េរិក។ ទន្ទឹមគ្នានេះដែរ ក៏មានបណ្តឹងជាច្រើនផ្សេងទៀត ក៏បានដាក់ប្តឹង ប្រឆាំងនឹងបណ្តាប្រទេសអារ៉ាប់ នៅតំបន់ឈូងសមុទ្រ ដោយបានចោទប្រកាន់ថា ប្រទេសទាំងនោះ «បានអនុញ្ញាតឱ្យសហរដ្ឋអាម៉េរិក ប្រើប្រាស់ទឹកដីរបស់ខ្លួន សម្រាប់ការវាយប្រហារ មកលើប្រទេសអ៊ីរ៉ង់»។

បើតាមទូរទស្សន៍ គ្រប់គ្រងដោយរដ្ឋអ៊ីរ៉ង់ បានឲ្យដឹងថា ការខូចខាតទាំងនោះ បានគ្របដណ្ដប់លើសកម្មភាពនានារបស់សហរដ្ឋអាម៉េរិក ដែលបានប្រព្រឹត្ដ អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ។

ដោយឡែក ក្រសួងរតនាគារសហរដ្ឋអាម៉េរិក បានបង្ហោះសេចក្តីជូនដំណឹងមួយនៅលើគេហទំព័រផ្លូវការរបស់ខ្លួន កាលពីថ្ងៃចន្ទ ថា រដ្ឋការរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានដាក់ទណ្ឌកម្មជាថ្មី ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ដោយកំណត់គោលដៅលើបុគ្គល និងអង្គភាពជាច្រើនទៀត។

សង្គ្រាមនៅមជ្ឈិមបូព៌ា បានចាប់ផ្តើមផ្ទុះឡើង នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ខណៈសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល បានវាយប្រហារជាបន្តបន្ទាប់ ដោយបានសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក អាយ៉ាតូលឡោះហ៍ អាលី ខាមេនី (Ayatollah Ali Khamenei) ក្រុមគ្រួសាររបស់គាត់ និងមន្រ្ដីជាន់ខ្ពស់របស់អ៊ីរ៉ង់ ជាច្រើនរូបផ្សេងទៀត នាថ្ងៃបើកឆាកសង្គ្រាមមុនដំបូង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត