
រដ្ឋធានីមូស្គូ៖ ការលុកលុយទ្រង់ទ្រាយធំ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំដំបូង ទាហានរុស្ស៊ី បានវាយសង្គ្រុបយ៉ាងខ្លាំងក្លា ទៅលើកងទ័ពការពារទឹកដីរបស់អ៊ុយក្រែន ប៉ុន្ដែនៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ កងទ័ពរដ្ឋាភិបាលទីក្រុងកៀវ មិនត្រឹមតែបញ្ជូនភ្លើងសង្គ្រាមវិលត្រឡប់ ចូលជ្រៅទៅក្នុងប្រទេសរុស្ស៊ីវិញប៉ុណ្ណោះទេ ពួកគេថែមទាំងមានសមត្ថភាពវាយប្រហារទៅលើនាវាចម្បាំងរបស់រុស្ស៊ី នៅទ្វីបអាហ្វ្រិក និងកប៉ាល់ដឹកសម្ភារយោធារបស់រុស្ស៊ី នៅជិតប្រទេសហ្វាំងឡង់ដ៍ រហូតធ្វើឲ្យមេដឹកនាំវិមានក្រឹម លោក វ៉្លាឌីមៀ ពូទី អាម៉ាស់មុខនៅលើឆាកអន្ដរជាតិ ដែលធ្លាប់តែអួតអាងក្ដែងៗ អំពីភាពខ្លាំងក្លា នៃកងទ័ពរបស់ខ្លួន នៅលើពិភពលោក។

សារព័ត៌មាន The Times of India បានផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកាថា រុស្ស៊ីបានព្រមានដល់អ៊ុយក្រែន អំពីផលវិបាកដ៏«ឈឺចាប់» បន្ទាប់ពីមានសេចក្តីរាយការណ៍ អំពីការវាយប្រហារពន្លិចនាវាចម្បាំងមួយគ្រឿងរបស់រុស្ស៊ី ឈ្មោះ Merkury (មឺរឃូរី) នៅកំពង់ផែទីក្រុងបែងហ្កាហ្ស៊ី (Benghazi) ដែលជាទីក្រុងធំលំដាប់ទី២របស់ប្រទេសលីប៊ី ស្ថិតនៅទ្វីបអាហ្វ្រិក និងបាញ់ប្រហារលើកប៉ាល់ដឹកទំនិញរបស់រុស្ស៊ី មួយគ្រឿងទៀត ឈ្មោះ Angara (អង់ហ្ការ៉ា) នៅសមុទ្របាល់ទិក។

លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) អ្នកនាំពាក្យ វិមានក្រឹមឡាំងរបស់ប្រធានាធិបតីរុស្ស៊ី បានចាត់ទុកការវាយប្រហារទាំងនេះ រួមទាំងប្រតិបត្តិការដែនសមុទ្ររបស់អ៊ុយក្រែន នៅក្បែរឆ្នេរសមុទ្រ នៃប្រទេសលីប៊ី ថា ជា«និន្នាការដ៏គ្រោះថ្នាក់បំផុត»។ ការព្រមានបែបនេះ បានកើតឡើង បន្ទាប់ពីអ៊ុយក្រែន បានប្រកាសទទួលខុសត្រូវ ចំពោះការប្រើប្រាស់ដ្រូនសមុទ្រ បាញ់ពន្លិចនាវាចម្បាំងរបស់រុស្ស៊ី ប្រភេទ Corvette ឈ្មោះ Merkury នៅសមុទ្រមីឌីទែររ៉ាណេ និងការវាយប្រហារលើកប៉ាល់ដឹកទំនិញឈ្មោះ Angara នៅសមុទ្របាល់ទិក ព្រមទាំងបានអះអាង អំពីការបំផ្លិចបំផ្លាញឧទ្ធម្ភាគចក្រយោធារបស់រុស្ស៊ីមួយគ្រឿងថែមទៀតដែរ។

ដោយឡែក សេចក្តីរាយការណ៍ផ្សេងទៀត បានលើកឡើងថា នាវាមួយគ្រឿង ដែលមានទំនាក់ទំនងជាមួយប្រទេសអ៊ីរ៉ង់ បានឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅឯកំពង់ផែបែងហ្កាហ្ស៊ី នៃប្រទេសលីប៊ី។ នាវានោះមានទំនាក់ទំនងជាមួយក្រុមហ៊ុនដឹកជញ្ជូន IRISL ជារបស់រដ្ឋអ៊ីរ៉ង់ ហើយបច្ចុប្បន្នវានៅតែអណ្តែតលើទឹក។ ទោះជាយ៉ាងណាក៏ដោយ គេមិនទាន់មានការបញ្ជាក់ណាមួយថា អ៊ុយក្រែន បានកំណត់គោលដៅលើនាវាដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់នេះ ឬយ៉ាងណានោះទេ ហើយមូលហេតុ ឬទំហំ នៃការខូចខាត ក៏នៅមិនទាន់ដឹងច្បាស់លាស់នៅឡើយ៕





