
ក្រុងសៀមរាប៖ យោងតាមការផ្សាយព័ត៌មានដោយទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៅល្ងាចថ្ងៃចន្ទទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បង្ហាញថា រមណីដ្ឋានអង្គររបស់ខេត្តសៀមរាប ទទួលបានភ្ញៀវជាតិ-អន្តរជាតិយ៉ាងច្រើនកុះករ នៅថ្ងៃដំបូងនៃព្រះរាជពិធីបុណ្យអុំទូក ខណៈនៅឯរាជធានីភ្នំពេញ ក៏មានការដើរកម្សាន្តនៅផ្លូវថ្មើរជើងនាមុខព្រះបរមរាជវាំងផងដែរ...។

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP គូសបញ្ជាក់ថា គិតត្រឹមរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ភ្ញៀវទេសចរនៅតំបន់រមណីយដ្ឋានអង្គរ មានសភាពអ៊ូអរ និងយ៉ាងច្រើនកុះករ ក្នុងថ្ងៃដំបូងនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។ ប្រាសាទអង្គរវត្ត និងតំបន់ប្រាសាទនានា ក្នុងខេត្តសៀមរាប គឺជាគោដៅទេសចរណ៍ដ៏មានសារសំខាន់បំផុត សម្រាប់ភ្ញៀវទេសចរចម្រុះជាតិសាសន៍មកពីគ្រប់ទិសទី ចូលទស្សនា និងថតរូបភាពអនុស្សាវរីយ៍ជាមួយសំណង់ប្រាសាទ និងខ្លះទៀតមកសិក្សាស្វែងយល់អំពីរចនាបថស្ថាបត្យកម្មនៃចម្លាក់ស្នាដៃសិល្បៈដ៏វិចិត្ររបស់បុព្វបុរសខ្មែរ។

គួរបញ្ជាក់ផងដែរថា ប្រាសាទអង្គរវត្ត គឺជាដួងព្រលឹង និងជានិមិត្តរូបនៃអត្តសញ្ញាណជាតិកម្ពុជា។ ប្រជាជនកម្ពុជាទូទាំងប្រទេស និងរស់នៅជុំវិញពិភពលោក តែងតែមានមោទកភាពចំពោះសំណង់បុព្វបុរសរបស់ខ្លួននេះ ជាអនេក។ បច្ចុប្បន្ន ប្រាសាទអង្គរវត្ត មិនមែនត្រឹមតែជាសម្បត្តិវប្បធម៌ជាតិខ្មេរនោះទេ ប៉ុន្តែបុរណស្ថានដ៏ល្បីល្បាញមួយនេះ ក៏ជាសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ អ៊ីចឹងហើយបានជាមានការទាក់ទាញអ្នកភ្ញៀវទេសចរ មកពីជុំវិញពិភពលោក ឱ្យមកស្គាល់ និងស្វែងយល់ពីភាពរុងរឿងនៃអរិយធម៌ខ្មែរនាសម័យបុរាណ។ ទោះយ៉ាងណា ក្រៅពីខេត្តសៀមរាប ពលរដ្ឋកម្ពុជា ក៏បានធ្វើដំណើរកម្សាន្តតាមបណ្តាខេត្តនានា ក្នុងប្រទេសកម្ពុជាផងដែរ ដោយគ្រាន់តែបណ្តាខេត្ត-ក្រុងទាំងនោះ នៅមិនទាន់បង្ហាញរបាយការណ៍អំពីចំនួនភ្ញៀវទេសចរជាតិ-អន្តរជាតិ បានចូលទៅទស្សនាខេត្ត-ក្រុងរបស់ខ្លួនប៉ុណ្ណោះ៕







