សំណុំរឿងគ្រឿងញៀនជាង១៥គីឡូក្រាមនៅបាត់ដំបង៖ អយ្យការសម្រេចចោទប្រកាន់មនុស្ស៣នាក់
អ
អុន សម្ផស្ស
•
42 នាទីមុន

ខេត្តបាត់ដំបង៖ អយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានសម្រេចចោទប្រកាន់ជនសង្ស័យចំនួន៣នាក់ និងបក្ខពួក ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនដោយខុសច្បាប់ បន្ទាប់ពីសមត្ថកិច្ចបង្ក្រាបឃាត់ខ្លួនបុរសម្នាក់ជាមួយគ្រឿងញៀនប្រភេទមេតំហ្វេតាមីនទឹកកក (ICE) ចំនួន១៥ដុំ ទម្ងន់សរុបជាង១៥គីឡូក្រាម..។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បញ្ជាក់ថា កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅចំណុចភូមិគោកក្តួច ឃុំតាពូង ស្រុកថ្មគោល ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតគ្រឿងញៀនបានចំនួន១៥ដុំ។ តាមស្នងការខេត្តបាត់ដំបង បញ្ជាក់បន្ថែមថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមាន ឈ្មោះ ផុន សុភ័ក្រ មានទីលំនៅភូមិគោកក្តួច ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។

ក្រោយពីស្ដាប់ចម្លើយជនសង្ស័យ និងពិនិត្យភស្តុតាងក្នុងសំណុំរឿង តំណាងអយ្យការបានសម្រេចចោទប្រកាន់ជនសង្ស័យចំនួន៣នាក់ និងបក្ខពួកពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅភូមិសាស្ត្រស្រុកថ្មគោល ចាប់ពីអំឡុងឆ្នាំ២០២៥ រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៦។ ការចោទប្រកាន់នេះ ត្រូវបានធ្វើឡើងតាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ៩៩៥ អយគ ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយបានបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត