ឯកអគ្គរដ្ឋទូតប៊ែលហ្ស៊ិក ចាប់អារម្មណ៍ខ្លាំងលើសត្វកណ្តុរ និងសុនខហិតរកមីននៅខេត្តសៀមរាប

ក្រុងសៀមរាប៖ ផេកស្ថានទូតប្រទេសប៊ែលហ្ស៊ិកប្រចាំរាជធានីបាងកក បានធ្វើការផ្សព្វផ្សាយនៅរសៀលថ្ងៃចន្ទទី២៣វិច្ឆិកានេះថា លោកឯកអគ្គរដ្ឋទូតប្រទេសប៊ែលហ្ស៊ិក មីឆែល ផារីស៍ (Michel Parys) និងលោក ថូម៉ាស ស្ទេវិនស៍ (Thomas Stevens) បានធ្វើដំណើរមកទស្សនាអង្គការ APOPO នៅខេត្តសៀមរាប។ លោកចាត់ទុកសត្វកណ្តុរ(HeroRATs) និងសុនខហិតរកមីន គឺជាវីរបុរសនៃការរុករកយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីរួមចំណែកបង្ការគ្រោះថ្នាក់ដោយសារមីន ដល់ជនរងគ្រោះ...។

លោកឯកអគ្គរដ្ឋទូត មីឆែល ផារីស៍ និងលោក ថូម៉ាស ស្ទេវិនស៍ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា បានទៅទស្សនាអង្គការ APOPO ដែលជាអង្គការមិនមែនរដ្ឋាភិបាលរបស់ប្រទេសប៊ែលហ្ស៊ិកមួយ  បង្កើតឡើងដោយលោក បារត៍ វីតជេនស៍ (Bart Weetjens) និងលោក គ្រីស្ទូហ្វភេ ខូក (Christophe Cox) ដោយបានធ្វើការបណ្ដុះបណ្ដាលសត្វកណ្តុរយក្សអាហ្វ្រិក និងសុនខពូជ(ឆ្កែ) Belgian Malinois ឱ្យចេះស្វែងរកមីនប្រឆាំងមនុស្ស។ នៅទីតាំងហ្វឹកហាត់ សត្វកណ្តុរវីរបុរស (HeroRATs) និងសុនខហិតមីនទាំងនោះ បានបង្ហាញពីភាពរហ័សរហួន និងភាពត្រឹមត្រូវក្នុងការបំពេញការងារ ដោយធ្វើការរួមគ្នាជាមួយប្រតិបត្តិករដោះមីន ដែលបន្ទាប់មកនឹងធ្វើការកម្ទេចមីនទាំងនោះ ដើម្បីសុវត្ថិភាព។

ក្នុងដំណើរទស្សនកិច្ចនេះដែរ លោកទាំងពីរបានបន្តទៅកាន់សាលាបឋមសិក្សាមួយនៅក្បែរនោះ ដែលក្រុមការងារ APOPO បានបង្រៀនកុមារកម្ពុជាឱ្យចេះសម្គាល់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ព្រមទាំងណែនាំអំពីសកម្មភាពត្រឹមត្រូវ ដែលត្រូវអនុវត្ត គឺ៖ កុំប៉ះពាល់វត្ថុទាំងនោះ ហើយត្រូវប្រាប់មនុស្សពេញវ័យឱ្យបានដឹងភ្លាមៗ។ កុមារម្នាក់ៗទទួលបានកាបូបមួយ ដែលមានសម្ភារសិក្សានៅខាងក្នុងនោះ។ សូមជម្រាបថា ប្រទេសប៊ែលហ្ស៊ិក បានគាំទ្រដល់ការងាររបស់អង្គការ APOPO នៅក្នុងប្រទេសកម្ពុជា តាមរយៈកម្មវិធីសហប្រតិបត្តិការអភិវឌ្ឍន៍ប៊ែលហ្ស៊ិក។ ជាលទ្ធផល ផ្ទៃដីដែលត្រូវបានធ្វើឱ្យមានសុវត្ថិភាព និងប្រគល់ជូនប្រជាសហគមន៍វិញ និងអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចរស់នៅបាន កុមារៗអាចចូលរៀនសូត្រ និងប្រជាកសិករអាចធ្វើកសិកម្មនៅលើដីដែលបានបោសសម្អាតទាំងនោះ បានជាថ្មីម្ដងទៀត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត