ក្រសួងបរិស្ថាន ក្រើនរំឭកភ្ញៀវទេសចរចូលរួមរក្សាអនាម័យបរិស្ថាន ក្នុងឱកាសបុណ្យអុំទូក
អ
អុន សម្ផស្ស
•
មួយម៉ោងមុន

រាជធានីភ្នំពេញ៖ ក្រសួងបរិស្ថាន បានអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ ឱ្យចូលរួមអនុវត្តគោលការណ៍ «កុំបន្សល់ទុកដាន» (Leave No Trace) តាមរយៈការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដើម្បីរក្សាភាពស្អាត និងសោភ័ណភាពតំបន់ទេសចរណ៍នានា ក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា...។

តាមគោលការណ៍ «កុំបន្សល់ទុកដាន» ភ្ញៀវទេសចរ គួរនាំយកទៅជាមួយត្រឹមតែរូបថត និងអនុស្សាវរីយ៍ល្អៗ ហើយបន្សល់ទុកនូវធម្មជាតិដ៏ស្រស់ស្អាត ដោយមិនបោះចោលសំរាមនៅតាមគោលដៅទេសចរណ៍ឡើយ។ រាល់កាកសំណល់ដែលបង្កើតឡើង ត្រូវវេចខ្ចប់ទុកដាក់ក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ ឬយកត្រឡប់មកវិញ ប្រសិនបើទីតាំងកម្សាន្តមិនមានធុងសំរាមគ្រប់គ្រាន់។ ការកើនឡើងនៃសកម្មភាពទេសចរណ៍ទៅកាន់តំបន់ប្រាសាទបុរាណ ឆ្នេរសមុទ្ទ ទឹកជ្រោះ និងតំបន់អេកូទេសចរណ៍ព្រៃភ្នំ បានបង្កើនតម្រូវការឱ្យមានការគ្រប់គ្រងអនាម័យ និងសំណល់ឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេស ក្នុងឱកាសពិធីបុណ្យជាតិ ដែលមានភ្ញៀវទេសចរធ្វើដំណើរច្រើនក្នុងរយៈពេលខ្លី។

ការបោះចោលសំរាមពាសវាលពាសកាល ដូចជា ថង់ប្លាស្ទិក ដបទឹក និងកំប៉ុងភេសជ្ជៈ តាមឆ្នេរខ្សាច់ ប្រភពទឹក និងទីតាំងបេតិកភណ្ឌ មិនត្រឹមតែធ្វើឱ្យបាត់បង់សោភ័ណភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កការបំពុលបរិស្ថាន ប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី សត្វព្រៃ និងជីវចម្រុះក្នុងទឹក។ ជាមួយគ្នា តំបន់ទេសចរណ៍ដែលមានភាពកខ្វក់ ក៏អាចធ្វើឱ្យភ្ញៀវទេសចរមានការខកចិត្ត និងបាត់បង់ចំណាប់អារម្មណ៍ក្នុងការត្រឡប់មកកម្សាន្តម្ដងទៀត ដែលអាចជះឥទ្ធិពលដល់សេដ្ឋកិច្ច និងប្រាក់ចំណូលរបស់សហគមន៍មូលដ្ឋាន។ ដើម្បីចូលរួមដោះស្រាយបញ្ហានេះ ភ្ញៀវទេសចរត្រូវកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកតែម្ដង ដោយប្រើដបទឹកផ្ទាល់ខ្លួន និងប្រអប់ដាក់អាហារដែលអាចប្រើប្រាស់ឡើងវិញ ព្រមទាំងមានទម្លាប់ទុកដាក់សំរាមក្នុងធុង ឬរក្សាទុករហូតដល់អាចយកទៅបោះចោលនៅកន្លែងត្រឹមត្រូវ។

ចំណែកអាជីវករ និងម្ចាស់រមណីយដ្ឋាន គួររៀបចំហេដ្ឋារចនាសម្ព័ន្ធអនាម័យឱ្យបានសមស្រប ដោយដាក់ធុងសំរាមតាមទីតាំងសំខាន់ៗ បែងចែកប្រភេទសំណល់ និងណែនាំអតិថិជនឱ្យចូលរួមរក្សាអនាម័យ។ រីឯអាជ្ញាធរមូលដ្ឋាន និងសហគមន៍ ត្រូវពង្រឹងប្រព័ន្ធប្រមូល និងដឹកជញ្ជូនសំរាមឱ្យបានទាន់ពេលវេលា ព្រមទាំងបង្កើនសកម្មភាពផ្សព្វផ្សាយអប់រំ និងសម្អាតបរិស្ថាន ជាពិសេស ក្នុងអំឡុងពេលមានភ្ញៀវទេសចរច្រើន។ ការរក្សាភាពស្អាតនៅតាមតំបន់ទេសចរណ៍ មិនមែនជាការទទួលខុសត្រូវរបស់អាជ្ញាធរ ឬអ្នកបម្រើសេវាសម្អាតតែមួយក្រុមនោះទេ ប៉ុន្តែជាកាតព្វកិច្ចរួមរបស់ភ្ញៀវទេសចរ អាជីវករ សហគមន៍ និងគ្រប់ភាគីពាក់ព័ន្ធ។ ក្រសួងរំឭកបន្ថែមថា ការដើរកម្សាន្តប្រកបដោយសុវត្ថិភាព និងមានទំនួលខុសត្រូវ ភ្ញៀវទេសចរទាំងអស់ ត្រូវចងចាំថា ការធ្វើដំណើរដ៏មានន័យ គឺការនាំយកអនុស្សាវរីយ៍ល្អៗត្រឡប់ទៅផ្ទះ ដោយមិនបន្សល់ទុកសំរាម និងផលប៉ះពាល់ដល់ធម្មជាតិឡើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត