ឃើញហើយ..ជួយផ្តល់ដំណឹងផង! ស្នងការខេត្តមណ្ឌលគិរី ប្រកាសរកស្ត្រីម្នាក់ ក្រោយទទួលបណ្ដឹងពីក្រុមគ្រួសារ

ក្រុងសែនមនោរម្យ៖ នៅរសៀលនៅថ្ងៃចន្ទទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦​ នេះ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី​ បានប្រកាសស្វែងរកស្ត្រីម្នាក់ដែលបានបាត់ខ្លួន កាលពីវេលាម៉ោង​១៩:​៣០នាទីយប់ថ្ងៃទី២២វិច្ឆិកា ដោយគ្រួសារបញ្ជាក់ថា ស្ត្រីរូបនោះមានជំងឺវិបល្លាសស្មារតីវង្វេង មិនដឹងទៅណា ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋជួយផ្តល់ដំណឹង ប្រសិនបើឃើញស្ត្រីរូបនេះ...។

ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី​ បញ្ជាក់យ៉ាងដូច្នេះថា​ នៅថ្ងៃទី២២វិច្ឆិកា អធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ​ បានទទួលពាក្យណ្តឹងពីប្រជាពលរដ្ឋឈ្មោះ​ ជុត រដ្ឋា អាយុ​២៥ឆ្នាំ​ រស់នៅភូមិកណ្ដាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បាត់ម្ដាយរបស់ខ្លួន ដែលមានឈ្មោះ អៀម វណ្ណៈ មានទីលំនៅបច្ចុប្បន្នភូមិកណ្ដាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីវេលាម៉ោងប្រហែល​១១:៣០នាទី ដោយស្ត្រីរូបនោះ ជិះម៉ូតូមួយគ្រឿង​ម៉ាក ហុងដាវេវ ឆ្លាម ពណ៌ខ្មៅ គ្មានស្លាកលេខ គ្មានក្របាំងមុខ ចេញពីផ្ទះតែម្នាក់ឯង រហូតមកដល់ពេលនេះ ពុំឃើញត្រឡប់មកផ្ទះវិញ។​

ជាមួយគ្នានេះ ក្រុមគ្រួសាររបស់ស្ត្រីអ្នកជំងឺ ក៏បានទាក់ទងមកកាន់ការិយាល័យកណ្តាលរបស់អង្គភាព SBM News ដើម្បីស្នើសុំជួយចុះផ្សាយស្វែងរក ក្រែងបងប្អូនប្រជាពលរដ្ឋណាបានឃើញ ជួយផ្តល់ព័ត៌មានដល់សមត្ថកិច្ច ឬក្រុមគ្រួសារឱ្យបានដឹងផង។ សូមជម្រាបផងដែរថា បច្ចុប្បន្ន ករណីខាងលើ​ កម្លាំងសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី​ បាននិងកំពុងស្រាវជ្រាវ​ និងជួយស្វែងរកស្ត្រីដែលបាត់ខ្លួនរូបនោះហើយ។ ករណីសាធារណជនបានជួបប្រទះ ស្ត្រីដូចមានភិនភាគនៅក្នុងរូបថតនេះ សូមសហការផ្តល់ព័ត៌មានមកសមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី តាមរយៈទូរសព្ទលេខ:៖ 088 222 2465​ /​ 092 497 567​ /​ 097 778 0022​ ដោយក្ដីអនុគ្រោះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត