
ក្រុងព្រះសីហនុ៖ នាវាទេសចរណ៍អន្តរជាតិដ៏ប្រណីតមួយគ្រឿង ឈ្មោះ MV. STAR SEEKER សញ្ជាតិបាហាម៉ាស (BAHAMAS) បានដឹកភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន១៨៦នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយសុវត្ថិភាព នាព្រឹកថ្ងៃចន្ទទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ដើម្បីមកទស្សនាកម្សាន្តនៅប្រទេសកម្ពុជា...។

យោងតាមរបាយការណ៍ពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា នាវាទេសចរណ៍ MV. STAR SEEKER បានចូលចតនៅវេលាម៉ោង៦:១០នាទីព្រឹក បន្ទាប់ពីបានចាកចេញពីប្រទេសវៀតណាម។ នាវាខ្នាតមធ្យមនេះ មានប្រវែងបណ្តោយ១៣១,៧៥ម៉ែត្រ និងប្រវែងទទឹង១៩ម៉ែត្រ។ ក្នុងដំណើរទស្សនកិច្ចរយៈពេល ១ថ្ងៃនៅកម្ពុជា នាវាបាននាំមកជាមួយនូវនាវិកសរុបចំនួន១៣៤នាក់ (ស្រី២៨នាក់) មកពី២១សញ្ជាតិ និងភ្ញៀវទេសចរអន្តរជាតិសរុបចំនួន១៨៦នាក់ (ស្រី១០៥នាក់) មកពី១១សញ្ជាតិផ្សេងៗគ្នា។ ក្នុងចំណោមភ្ញៀវទេសចរទាំងអស់ សញ្ជាតិដែលមានចំនួនច្រើនជាងគេ គឺភ្ញៀវទេសចរមកពីសហរដ្ឋអាម៉េរិក មានរហូតដល់១១៥នាក់ (ស្រី៦៦នាក់)។

តាមកម្មវិធីគ្រោងទុក បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ច និងកម្សាន្តនៅតាមរមណីយដ្ឋាននានាក្នុងខេត្តព្រះសីហនុ នាវាទេសចរណ៍អន្តរជាតិ MV. STAR SEEKER នឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង៩:០០នាទីយប់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះតែម្ដង៕




