
រាជធានីភ្នំពេញ៖ នាវាទេសចរណ៍ Villa Vie Odyssey បានធ្វើដំណើរចាកចេញពីកម្ពុជាដោយភាពរលូន និងសុខសុវត្ថិភាព កាលពីយប់រំលងអាធ្រាតុឈានចូលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦...។

យ៉ាងណាមិញ នាវាទេសចរណ៍ Odyssey បានចាកពីកម្ពុជាដោយមិនបាននាំយកភ្ញៀវទេសចរណាម្នាក់ទៅជាមួយទេ ខណៈនាវិកដែលធ្វើការនៅលើនាវា យកទៅតែ៨៥នាក់ប៉ុណ្ណោះ ដោយនាវិកមួយចំនួនបានធ្វើដំណើរចាកចេញពីកម្ពុជា តាមជើងហោះហើរ។ នេះបើតាមការបញ្ជាក់របស់លោក តុប សុភ័ក្រ្ត អ្នកនាំពាក្យក្រសួងទេសចរណ៍ ប្រាប់អង្គភាពសារព័ត៌មាន SBM News នារសៀលថ្ងៃទី៤វិច្ឆិកា។ អ្នកនាំពាក្យរូបនេះ អះអាងបន្ថែមថា ចំពោះភ្ញៀវទេសចរវិញ បច្ចុប្បន្ន មានមនុស្ស៩៨នាក់ដែលពួកគាត់បន្តស្នាក់នៅកម្ពុជា ហើយបាននិងកំពុងដើរកម្សាន្តនៅខេត្តព្រះសីហនុ, កំពត កែប និងខេត្តសៀមរាប។ ដោយឡែក ភ្ញៀវទេសចរជាង១០០នាក់ទៀត បានចាកចេញពីកម្ពុជា តាមជើងហោះហើរ មុនថ្ងៃទី៤វិច្ឆិកា។ ក្រសួងទេសចរណ៍ នឹងបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ដើម្បីបន្តសម្របសម្រួលដល់ការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរអន្តរជាតិ Villa Vie Odyssey នៅកម្ពុជា។

សូមរំឭកថា ដោយសារប្រេងសាំងឡើងថ្លៃស្របពេលកំពុងជួបបញ្ហាហិរញ្ញវត្ថុ នាវាទេសចរណ៍ Odyssey ដែលផ្ទុកនាវិក១៥៦នាក់ និងអ្នកដំណើរជាង២០០នាក់ បានប្រកាសផ្អាកប្រតិបត្តិការរបស់ខ្លួន និងបានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃទី២៣ ខែតុលា ដោយទទួលបានការស្វាគមន៍ និងសម្របសម្រួលយ៉ាងកក់ក្ដៅពីក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធ។ ការយកចិត្តទុកដាក់របស់កម្ពុជា ចំពោះនាវា Odyssey បានធ្វើឱ្យកម្ពុជារក្សាបាននូវកេរដំណែលទឹកចិត្តមនុស្សធម៌ដ៏មានតម្លៃ ខណៈកាលពីឆ្នាំ២០២០ ក្នុងដំណាក់កាលកូវីដ-១៩ កម្ពុជាក៏ធ្លាប់ទទួលស្វាគមន៍នាវាទេសចរណ៍ Westerdam ហើយត្រូវបានពិភពលោកប្រសិទ្ធនាមថា «កម្ពុជាប្រទេសតូច ប៉ុន្តែមានបេះដូងធំ»។ ការចូលចត និងការចាកចេញទៅវិញដោយរលូនរបស់នាវាទេសចរណ៍ Odyssey ព្រមទាំងការបន្តការស្នាក់នៅរបស់ភ្ញៀវទេសចរអន្តរជាតិ ក៏ជាសក្ខីភាពមួយបញ្ជាក់យ៉ាងច្បាស់ ថា កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព និងបដិសណ្ឋារកិច្ចកក់ក្ដៅសម្រាប់ភ្ញៀវទេសចរមកពីជុំវិញពិភពលោក៕





