ទោះអាកាសធាតុមិនអំណោយផល! ភ្ញៀវអន្តរជាតិជាង២០០នាក់ បន្តចូលមកកម្សាន្តនៅកម្ពុជា តាមរយៈនាវា ODYSSEY
S
Soriya Sou
•
14 ម៉ោងមុន

ក្រុងព្រះសីហនុ៖ នាវាទេសចរណ៍អន្តរជាតិដ៏ប្រណីត១គ្រឿង មានឈ្មោះថា ODYSSEY មានសញ្ជាតិ BAHAMAS បានដឹកភ្ញៀវទេសចរបរទេសប្រមាណជាង២០០នាក់ ចូលសំចតដោយសុវត្ថិភាពនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦នេះ…។

របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឱ្យដឹងថា នាវាទេសចរណ៍ ODYSSEY មានបណ្ដោយប្រវែង១៩៥,៨២ម៉ែត្រ និងទទឹងប្រវែង២២,៥០ម៉ែត្រ ជម្រៅ៥,៣០ម៉ែត្រ។ នាវានេះ បានដឹកភ្ញៀវទេសចរអន្តរជាតិសរុបចំនួន២៣៦នាក់ (ស្រី១៣៥នាក់) មាន១៧សញ្ជាតិ និងនាវិកសរុប១៦៦នាក់(ស្រី១៧នាក់) មាន២០សញ្ជាតិ មកដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីម៉ោង៨:៣០នាទី​ព្រឹក។ ការចូលចតរបស់នាវា ODYSSEY លើទឹកដីខេត្តព្រះសីហនុ ដែលមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦។ ការមកដល់របស់ភ្ញៀវទេសចរលើនាវា ODYSSEY ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីក្រុមការងារមន្ទីរទេសចរណ៍ អាជ្ញាធរ និងវិស័យឯកជន។ ក្នុងអំឡុងពេលឈប់សម្រាកនៅខេត្តព្រះសីហនុ ភ្ញៀវអន្តរជាតិ គ្រោងនឹងចុះទស្សនាកម្សាន្តតាមតំបន់រមណីយដ្ឋាន និងឆ្នេរសមុទ្ទដ៏ស្រស់ស្អាតនានា ផ្សារលើ ព្រមទាំងស្វែងយល់ពីវប្បធម៌ និងប្រពៃណីដ៏សម្បូរបែបរបស់កម្ពុជាផងដែរ។

តាមពិតទៅនៅប្រទេសកម្ពុជា កំពុងទទួលរងឥទ្ធិពលព្យុះទី២៦ ឈ្មោះ «ស៊ូរីហ្គាអេ» បណ្ដាលឱ្យមានភ្លៀងធ្លាក់នៅទូទាំងប្រទេស ដល់ថ្ងៃទី៣០កញ្ញា ឆ្នាំ២០២៦ ដែលវាក៏ជាកត្តាមិនសូវអំណោយផលដល់ការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរ។ ប៉ុ​ន្តែវត្តមាននៃការចូលចតរបស់នាវាទេសចរណ៍ ODYSSEY នាពេលនេះ បង្ហាញថា កត្តាអាកាសធាតុ មិនមែនជាឧបសគ្គសម្រាប់ភ្ញៀវទេសចរក្នុងការចង់ឃើញ ចង់ស្គាល់ប្រទេសកម្ពុជានោះទេ។ មួយវិញទៀត វាជាសញ្ញាណដ៏ល្អប្រសើរមួយ បង្ហាញពីការងើបឡើងវិញ និងភាពទាក់ទាញនៃវិស័យទេសចរណ៍កម្ពុជា ដែលតែងតែស្វាគមន៍យ៉ាងកក់ក្ដៅចំពោះភ្ញៀវទេសចរគ្រប់ជាតិសាសន៍៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត