មិនដល់២ខែ ភ្ញៀវអន្តរជាតិជាង១ម៉ឺននាក់ចូលមកកម្សាន្តកម្ពុជា តាមរយៈនាវាទេសចរណ៍៨គ្រឿង
S
Soriya Sou
2 ម៉ោងមុន

ក្រុងព្រះសីហនុ៖ រយៈពេលជិត២ខែ ឆ្នាំ២០២៦នេះ ភ្ញៀវទេសចរចម្រុះជាតិសាសន៍ប្រមាណជាង១ម៉ឺននាក់ បានចូលមកលេងកម្សាន្តនៅប្រទេសកម្ពុជា តាមរយៈនាវាទេសចរណ៍ចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ នេះបើតាមរបាយការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៤កុម្ភៈ…។

របាយការណ៍បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៤កុម្ភៈ ឆ្នាំ២០២៦ ភ្ញៀវចម្រុះជាតិសាសន៍ចំនួន១០៦០៣នាក់ បានមកកម្សាន្តនៅកម្ពុជាតាមនាវាទេសចរណ៍ខ្នាតយក្សចំនួន៨គ្រឿង។ ក្នុងចំណោមនាវាទេសចរណ៍ទាំង៨ នាវា SEABOURN ENCORE សញ្ជាតិ BAHAMAS បានដឹកភ្ញៀវមកកម្ពុជាច្រើនដងជាងគេ ពោលគឺដល់ទៅ៣លើក ដែលលើកទី១ នៅថ្ងៃទី២៧មករា ផ្ទុកភ្ញៀវ៥៣៨នាក់, លើកទី២នៅថ្ងៃទី៦កុម្ភៈ ផ្ទុកភ្ញៀវ៥៨១នាក់ និងលើកទី៣ គឺនៅថ្ងៃទី២៤កុម្ភៈនេះ ផ្ទុកភ្ញៀវ៥២៩នាក់។ សរុបទាំង៣លើក ដើមឆ្នាំ២០២៦នេះ នាវា SEABOURN ENCORE បានដឹកភ្ញៀវមកកាន់កម្ពុជា ចំនួន១៦៤៨នាក់ ដោយមិនរាប់បញ្ចូលចំនួននាវិកនៅលើនាវាទេ។

ដោយឡែក នាវាទេសចរណ៍ខ្នាតយក្ស៧គ្រឿងទៀត រួមមាន៖ ១.នាវា SIRENA សញ្ជាតិ Marshall Island ចូលសំចតនៅកម្ពុជា នៅថ្ងៃទី១មករា ផ្ទុកភ្ញៀវសរុប៦៣៣នាក់, ២.នាវា Zhao Shang Yi Dun សញ្ជាតិចិន មកដល់កម្ពុជានៅថ្ងៃទី១៨មករា ផ្ទុកភ្ញៀវសរុប២៦៦នាក់, ៣.នាវា Westerdam សញ្ជាតិហូឡង់ ចូលមកកម្ពុជាថ្ងៃទី២៣មករា ផ្ទុកភ្ញៀវសរុប១៩២៧នាក់, ៤.នាវា Norwegian Sun សញ្ជាតិ BAHAMAS ចូលមកកម្ពុជាថ្ងៃទី២៧មករា ផ្ទុកភ្ញៀវសរុប១៨៦៨នាក់, ៥.នាវា Regata សញ្ជាតិ Marshall Island ចូលមកកម្ពុជាថ្ងៃទី៣១មករា ផ្ទុកភ្ញៀវសរុប៦៤១នាក់, ៦.នាវា Costa Serena សញ្ជាតិ Italy ចូលមកកម្ពុជាថ្ងៃទី៤កុម្ភៈ ផ្ទុកភ្ញៀវសរុប២៨៩០នាក់ និង៧.នាវា Seven Seas Explorer សញ្ជាតិ Marshall Island ផ្ទុកភ្ញៀវសរុប៧៣០នាក់ ចូលមកកម្ពុជាថ្ងៃទី១៩កុម្ភៈ។​

គ្រប់ការអញ្ជើញមកដល់កម្ពុជារបស់ភ្ញៀវទេសចរតាមរយៈបណ្ដានាវាខាងលើ សុទ្ធតែទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីមន្រ្តីពាក់ព័ន្ធនៅខេត្តព្រះសីហនុ ខណៈការការពារសន្តិសុខ សណ្ដាប់ធ្នាប់សម្រាប់ភ្ញៀវទេសចរត្រូវបានចាត់ទុកជារឿងសំខាន់។ ការចូលចតនៃនាវាទេសចរណ៍ខ្នាតធំជាបន្តបន្ទាប់ ជាការបង្ហាញទៅកាន់ពិភពលោកថា កម្ពុជាគឺជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព និងភាពទាក់ទាញបំផុត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត