អាជ្ញាធរជាតិអប្សរា ក្រើនរំឭកភ្ញៀវទេសចរពេលទៅទស្សនា ប្រាសាទមេបុណ្យខាងលិច ត្រូវអនុវត្តវិធានការសំខាន់ៗចំនួន៣
S
Sreyleak Yith
•
មួយម៉ោងមុន

ក្រុងសៀមរាប៖ ប្រាសាទមេបុណ្យខាងលិច បានបញ្ចប់ការជួសជុលហើយ ដោយអាជ្ញាធរជាតិអប្សរា ក៏បានរៀបចំហេដ្ឋារចនាសម្ព័ន្ធ បរិក្ខារទេសចរណ៍ និងខ្សែទស្សនាថ្មី ប្រកបដោយសណ្តាប់ធ្នាប់ និងសុវត្ថិភាព...។

ដោយមានកំណើនភ្ញៀវទេសចរ អាជ្ញាធរជាតិអប្សរា បានអំពាវនាវដល់ភ្ញៀវទេសចរ ចូលរួមអនុវត្តវិធានការសំខាន់ៗដូចជា៖ ទី១.ផ្នែកសុវត្ថិភាព៖ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ត្រូវពាក់អាវពោងសុវត្ថិភាពជាប់ជានិច្ចកំលុងពេលជិះទូក និងគោរពតាមការកំណត់ចំនួនអ្នកជិះរបស់អ្នកបើកបរ។ ទី២.ផ្នែកបរិស្ថាន៖ ចៀសវាងយកចំណីអាហារទៅលើបរិវេណប្រាសាទ ព្រោះគ្មានទីតាំងស្តុកសំរាម ឬត្រូវវេចខ្ចប់សំរាមផ្ទាល់ខ្លួនត្រឡប់មកគោកវិញ។ ហាមយកសត្វចិញ្ចឹម និងឧបករណ៍បំពងសំឡេង ចូលប្រាសាទជាដាច់ខាត។ ទី៣.ការអភិរក្ស និងសណ្តាប់ធ្នាប់៖ ហាមប៉ះពាល់ ឬជាន់លើក្បាច់ចម្លាក់ប្រាសាទ និងហាមចុះលេងទឹកក្នុងបរិវេណប្រាសាទ។ លោក ណឿយ លីន ប្រធានសហគមន៍កាណូតបារាយណ៍ទឹកថ្លាខាងលិច បានឱ្យដឹងថា បច្ចុប្បន្ន សហគមន៍មានទូកចំនួន១៨គ្រឿង បម្រើឱ្យវិស័យដឹកជញ្ជូនអ្នកទេសចរ។

ការធ្វើដំណើរទៅ-មកតាមទូក ទស្សនាប្រាសាទមេបុណ្យខាងលិច មានការរៀបចំពីរជម្រើស និងកំណត់តម្លៃរួម ដូចជា៖ ការចេញដំណើរតាមតម្រូវការរបស់ភ្ញៀវ ចាប់ពីម៉ោង៦:៣០នាទីព្រឹក រហូតដល់ម៉ោង៥:៣០នាទីល្ងាច ដោយគិតតម្លៃជួលទូកចំនួនមួយគ្រឿង៨០០០០រៀល អាចផ្ទុកភ្ញៀវទេសចរបានចំនួន១០នាក់។ មួយទៀត ចេញដំណើរតាមម៉ោងកំណត់ ដែលមាន២ជើងក្នុង១ថ្ងៃ គឺនៅម៉ោង១០ព្រឹក និងម៉ោង១រសៀល តម្លៃ៨០០០រៀលក្នុងម្នាក់ សម្រាប់ភ្ញៀវខ្មែរ និងសម្រាប់ភ្ញៀវបរទេស គឺ ១២០០០រៀល។ គួរជម្រាបថា ប្រាសាទមេបុណ្យខាងលិច មានទីតាំងស្ថិតនៅលើដីទួលមួយកន្លែង ចំកណ្តាលបារាយណ៍ខាងលិច។ ប្រាសាទនេះ ត្រូវបានស្ថាបនាឡើងនៅកំលុងពាក់កណ្តាលសតវត្សរ៍ទី១១ នៃគ្រិស្តសករាជ ក្នុងរាជព្រះបាទឧទយាទិត្យវម្ម៍ទី២ ឧទ្ទិសចំពោះព្រហ្មញ្ញសាសនា ដែលមានលក្ខណៈប្លែកពិសេស ដោយហេតុថា សំណង់ប្រាសាទ ផ្សំឡើងដោយកំពែងមួយជាន់ ធ្វើអំពីថ្មភក់ ហ៊ុមព័ទ្ធដោយស្រះទឹកធំមួយដែលគេជីកនៅលើដីទួលនោះ។

តាមរយៈការធ្វើកំណាយនៅឆ្នាំ១៩៣៩ គេបានរកឃើញរូបប្រតិមាព្រះវិស្ណុ ក្នុងឥរិយាបថផ្ទំមួយអង្គ។ គួរជ្រាបបន្ថែមថា ប្រាសាទមេបុណ្យខាងលិច ត្រូវបានក្រុមអភិរក្ស ជួសជុល និងស្តារឡើងវិញ ដោយគម្រោងសហការរវាងអាជ្ញាធរជាតិអប្សរា និងរដ្ឋាភិបាលបារាំង តាមរយៈសាលាបារាំងចុងបូព៌ា បានចាប់ផ្តើមពីឆ្នាំ២០១២មក និងគ្រោងបញ្ចប់នៅឆ្នាំ២០១៩ ប៉ុន្តែដោយកង្វះខាតផ្នែកថវិកា និងតាមការពិភាក្សាយ៉ាងហ្មត់ចត់ រវាងស្ថាប័នពាក់ព័ន្ធ គម្រោងជួសជុលត្រូវបានប្រគល់មកអាជ្ញាធរជាតិអប្សរា ជាអ្នកទទួលរ៉ាប់រងជួសជុលវិញ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត